នារសៀលថ្ងៃទី២០ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារ ជាមួយលោក Ibrahim ប្រមុខរដ្ឋកំពូលម៉ាឡេស៊ីដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិននៅវិមានសភាប្រជាជនក្នុងទីក្រុងប៉េកាំង។
លោក Xi Jinping បានគូសបញ្ជាក់ថា ឆ្នាំនេះ គឺជាខួប៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងម៉ាឡេស៊ី ហើយក៏ជា "ឆ្នាំមិត្តភាពចិន-ម៉ាឡេស៊ី"ផងដែរ ប្រទេសចិនកំពុងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកំណែទម្រង់ និងជំរុញការបើកចំហកម្រិតខ្ពស់ដែលនឹងនាំមកនូវ កម្លាំងចលករថ្មី និងកាលានុវត្តភាពថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរវាងចិន និងម៉ាឡេស៊ី។ ប្រទេសចិនមានឆន្ទៈក្នុងការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយម៉ាឡេស៊ីក្នុងដំណើរទំនើបកម្ម និងការអភិវឌ្ឍរៀងៗខ្លួន ដើម្បីជំរុញការកសាងសហគមន៍ជោគវាសនារួមរវាងចិន និងម៉ាឡេស៊ី ឱ្យឈានដល់កម្រិតថ្មីថែមទៀត។
លោក Ibrahim បានថ្លែងថា ភាគីម៉ាឡេស៊ីកោតសរសើរចំពោះគំនិតអភិវឌ្ឍន៍ដែលតម្កល់ទុកប្រជាជនជាស្នូលរបស់រដ្ឋាភិបាលចិន និងគាំទ្រគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន។ ម៉ាឡេស៊ីទទួលបានអត្ថប្រយោជន៍ជាច្រើនពីការរួមគ្នាកសាង "ខ្សែក្រវាត់ និងផ្លូវ" ហើយមានឆន្ទៈក្នុងការពួតដៃជាមួយប្រទេសចិន ដើម្បីរួមគ្នាកសាង "ខ្សែក្រវាត់ និងផ្លូវ" ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យ ដូចជាការវិនិយោគសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ វប្បធម៌ និងការអប់រំ និងវិស័យផ្សេងៗទៀត ដើម្បីជំរុញទំនាក់ទំនងម៉ាឡេស៊ី-ចិនឱ្យឈានដល់កម្រិតកាន់តែខ្ពស់ថែមទៀត៕