អ្នកយកព័ត៌មានបានសួរថា យោងតាមការផ្សាយដំណឹងឱ្យដឹងថា កាលពីថ្ងៃទី ១៦ ខែកញ្ញា តាមម៉ោងក្នុងតំបន់ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តការលក់គ្រឿងបន្លាស់ និងផ្តល់ជំនួយបច្ចេកទេសសម្រាប់យន្តហោះចម្បាំងទៅឱ្យតៃវ៉ាន់ ក្នុងតម្លៃប្រមាណ ២២៨ លានដុល្លារអាមេរិក។ តើអ្នកនាំពាក្យមានការវាយតម្លៃយ៉ាងណាចំពោះរឿងនេះ?
លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិចិនឆ្លើយថា៖ ការដែលសហរដ្ឋអាមេរិកលក់សព្វាវុធឱ្យតំបន់តៃវ៉ាន់របស់ប្រទេសចិនបានបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ បំផ្លាញយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ប្រទេសចិន និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ទាំងមូល។ បញ្ហាតៃវ៉ាន់គឺជាខ្សែបន្ទាត់ក្រហមចម្បងដែលមិនបំពានបានក្នុងទំនាក់ទំនងចិន-អាមេរិក។ យើងដាស់តឿនឱ្យអាមេរិកបញ្ឈប់ការឃុបឃិតផ្នែកយោធាជាមួយតៃវ៉ាន់ ហើយចាត់វិធានការជាក់ស្តែងដើម្បីរក្សាស្ថិរភាព ភាពល្អប្រសើរ និងការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងយោធាទាំងពីរ៕