កាលពីថ្ងៃទី ១៥ ខែកញ្ញា នាវាឆ្មាំសមុទ្រហ្វីលីពីនលេខ ៩៧០១ ដែលបានចតដោយខុសច្បាប់នៅថ្មប៉ប្រះទឹក Sabinaប្រទេសចិនអស់រយៈពេលជិត ៥ ខែបានត្រឡប់ទៅកំពង់ផែរបស់ខ្លួននៅកោះ Palawanវិញ។ រដ្ឋបាលឆ្មាំសមុទ្រចិនបានថ្លែងថា នឹងបន្តអនុវត្តសកម្មភាពការពារសិទ្ធិ និងអនុវត្តច្បាប់នៅក្នុងដែនសមុទ្រដែលស្ថិតនៅក្រោមយុត្តាធិការរបស់ប្រទេសចិនស្របតាមច្បាប់ និងគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាពទឹកដី សិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ប្រទេសចិន។
លោក Liu Dejun អ្នកនាំពាក្យនាយកដ្ឋានឆ្មាំសមុទ្រចិនបានលើកឡើងកាលពីថ្ងៃទី ១៥ ខែកញ្ញាថា ចាប់តាំងពីថ្ងៃទី ១៧ ខែមេសាមក នាវាឆ្មាំសមុទ្រហ្វីលីពីនលេខ ៩៧០១ បានចតដោយខុសច្បាប់នៅថ្មប៉ប្រះទឹក Sabina របស់ប្រទេសចិនអស់រយៈពេលជិត ៥ ខែ ដោយបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពទឹកដីរបស់ប្រទេសចិន និងបានបំពានយ៉ាងធ្ងន់ធ្ងរលើ«សេចក្តីប្រកាសប្រតិបត្តិបណ្តាភាគីសមុទ្រចិនខាងត្បូង» ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។ អ្នកនាំពាក្យរូបនេះបានថ្លែងថា ប្រទេសចិនដាស់តឿនហ្វីលីពីនឱ្យបញ្ឈប់ការឃោសនាបំប៉ោង និងប្រថុយប្រថាននឹងការរំលោភបំពាន។ ប្រទេសចិនមានអធិបតេយ្យភាពដែលមិនអាចប្រកែកបាននៅលើប្រជុំកោះ Nansha រួមទាំងថ្មប៉ប្រះទឹកSabina និងដែនទឹកដែលនៅជាប់គ្នា។ ឆ្មាំសមុទ្រចិននឹងបន្តអនុវត្តសកម្មភាពការពារសិទ្ធិ និងអនុវត្តច្បាប់នៅក្នុងដែនសមុទ្រដែលស្ថិតនៅក្រោមយុត្តាធិការរបស់ប្រទេសចិនស្របតាមច្បាប់ និងគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាពទឹកដី សិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ប្រទេសចិន៕