កាលពីថ្ងៃទី ១៦ ខែកញ្ញា អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីស្ថានការណ៍នៅកូសូវ៉ូ។
មានអ្នកយកព័ត៌មានសួរថា៖ តាមការផ្សាយដំណឹងឱ្យដឹងថា ស្ថាប័នស្វ័យភាពបណ្តោះអាសន្ននៃ Pristina បានសម្រុកចូល និងកាន់កាប់ស្ថាប័នជនជាតិស៊ែប៊ីនៅភាគខាងជើងកូសូវ៉ូ។ ប៉ូលីសកូសូវ៉ូបានចាប់ខ្លួនជនជាតិស៊ែប៊ីចំនួនបួននាក់ និងរឹបអូសរូបិយវត្ថុស៊ែប៊ីពីរតនាគាររបស់ធនាគារជាតិនៃប្រទេសស៊ែប៊ី។ ស្ថានការណ៍នៅតំបន់កូសូវ៉ូមានភាពតានតឹងជាថ្មីម្តងទៀត។ តើប្រទេសចិនមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ?
អ្នកនាំពាក្យបានឆ្លើយថា៖ ប្រទេសចិនតែងតែគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសស៊ែប៊ីជុំវិញបញ្ហាកូសូវ៉ូ ហើយបានយល់ឃើញថា សន្តិសុខ សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ជនជាតិស៊ែប៊ីនៅតំបន់កូសូវ៉ូ គួរតែទទួលបានការការពារ។ សកម្មភាពឯកតោភាគីនឹងមិនអាចជួយដោះស្រាយបញ្ហាបានទេ ហើយបានប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់។ ភាគីពាក់ព័ន្ធគួរតែបន្តធ្វើកិច្ចសន្ទនាប្រកបដោយប្រសិទ្ធភាពនិងមានលក្ខណៈស្ថាបនា ក្នុងន័យស្វែងរកយ៉ាងសកម្មនូវដំណោះស្រាយយូរអង្វែងសម្រាប់បញ្ហាកូសូវ៉ូ៕