គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលត្រូវបានដាក់ចេញដោយឯកឧត្តម ស៊ី ជីនពីន កាលពីឆ្នាំ២០១៣ និងទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីប្រទេសសមាជិកជាង ១៤០ បានក្លាយទៅជាកម្លាំងបរិវត្តកម្មមួយដ៏សំខាន់មួយ ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចរីភាព។ ក្នុងរយៈពេលជាងមួយទស្សវត្សរិ៍នេះ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បាននាំមកនូវប្រយោជន៍ជាក់ស្តែងជាច្រើនដល់តំបន់ និងពិភពលោក តាមរយៈការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ មជ្ឈមណ្ឌលភស្តុភារកម្មដែលទាំងអស់នេះសុទ្ធតែជាឆ្អឹងកងខ្នងដ៏មានសារៈសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ដូចសុភាសិតខ្មែរលើកឡើងថា “ទីណាមានផ្លូវ ទីនោះមានសង្ឃឹម” ហើយសង្ឃឹមក្នុងន័យនេះគឺសំដៅលើក្តីសង្ឃឹមក្នុងការជំរុញខឿនសេដ្ឋកិច្ច។ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ កង្វះខាតទុនសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធ គឺជាឧបសគ្គមួយដ៏ធំដែលបានបង្កការរាំងស្ទះដល់ការអភិវឌ្ឍស្ទើរគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច-សង្គម។ ប៉ុន្តែកិច្ចសហប្រតិបត្តការ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បានផ្តល់ពន្លឺនៃក្តីសង្ឃឹមថ្មី និងកាលានុវត្តភាពមិនធ្លាប់មាន ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការដោះស្រាយឱនភាពថវិការ និងអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗ។
ការពិតមួយក្នុងចំណោមការពិតនានានោះគឺថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវមិនត្រឹមតែជួយធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនោះទេ តែថែមទាំងជួយឱ្យប្រទេសកំពុងអភិវឌ្ឍអាចបង្កើនភាពប្រកួតប្រជែង និងពង្រីកទីផ្សារផលិតផលរបស់ខ្លួនទៅក្នុងតំបន់ និងពិភពលោក។ តួយ៉ាង គម្រោងអភិវឌ្ឍន៍ច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន ដែលជាគម្រោងសំខាន់មួយរបស់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បានជំរុញការតភ្ជាប់រវាងចិន និងប៉ាគីស្ថានឱ្យកាន់តែខិតជិតគ្នា និងបានបង្កើនសកម្មភាពសេដ្ឋកិច្ចយ៉ាងផុសផុលក្នុងតំបន់។ ចំពោះអាស៊ាន គម្រោងផ្លូវដែកតភ្ជាប់ចិនមកកាន់កម្ពុជា ដោយឆ្លងកាត់ឡាវ និងថៃ កំពុងដំណើរការដោយរលូន ខណៈគម្រោងផ្លូវល្បឿនភ្នំពេញ-ព្រះសីហនុ និងគម្រោងផ្លូវដែកល្បឿនលឿន Jakarta-Bandung បានបញ្ចប់ការសាងសង់ដោយជោគជ័យ។ គម្រោងទាំងនេះមិនមែនជាគម្រោងតំណាងមានតែលើក្រដាសទេ ប៉ុន្តែគឺជាគម្រោងជាក់ស្តែង ដែលលេចចេញជារូបរាងឡើង និងបានជំរុញដល់ការបង្កើនការងារក្នុងស្រុក កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចយ៉ាងពិតប្រាកដ។
ទោះបីជាមានការលាបពណ៍ និងការវិភាគដោយពុំមានភាពយុត្តិធម៌ពីសំណាក់ប្រទេសមួយចំនួនក្តី គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ខណៈឈានចូលអាយុកាល ១១ ឆ្នាំ នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចសកល។ ក្នុងយុគសម័យថ្មីនេះ គោលគំនិតនៃការអភិវឌ្ឍបៃតង និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ត្រូវបានដាក់បញ្ចូលនៅក្នុងការអនុវត្តគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបនសម្រាប់តំបន់ និងពិភពលោក។
សរុបមក ទោះបីស្ថានការណ៍ពិភពលោកមានការប្រែប្រួលយ៉ាងណាក្តី គំនិតផ្តួចផ្តើមខ្សែ ក្រវាត់ និងផ្លូវ នៅតែជាគម្រោងនៃកិច្ចសហប្រតិបត្តិការលេចធ្លោជាងគេមួយក្នុងពិភពលោក ដែលអាចចាត់ទុកថាជា គំរូនៃកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់ការតភ្ជាប់ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
ដោយ ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា