នៅថ្ងៃទី ១៣ ខែកញ្ញា តាមម៉ោងក្នុងតំបន់ សាកលវិទ្យាល័យណៃរ៉ូប៊ីនៃប្រទេសកេនយ៉ាបានប្រារព្ធធ្វើសិក្ខាសាលាក្រោមប្រធានបទ"ការពង្រឹងទំនាក់ទំនងចិន-អាហ្វ្រិក៖រំលឹកឡើងវិញនូវដំណើរអភិវឌ្ឍន៍រយៈពេល ២០ ឆ្នាំនៃវេទិកាសហប្រតិបតិ្តការចិន-អាហ្វ្រិក "។ មន្រ្តីដែលមកពីស្ថានទូតចិនប្រចាំនៅប្រទេសកេនយ៉ានិងក្រសួងការបរទេសកេនយ៉ា អ្នកជំនាញនិងបញ្ញវន្តដែលមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធដូចជា មជ្ឈមណ្ឌលស្រាវជ្រាវប្រទេសចិននៃសាកលវិទ្យាល័យណៃរ៉ូប៊ីជាដើម បានអញ្ជើញចូលរួមសិក្ខាសាលានេះ ។
ភ្ញៀវកិត្តិយសដែលចូលរួមសិក្ខាសាលានេះបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាផ្លែផ្កាដែលទទួលបានក្នុងកិច្ចសហប្រតិបតិ្តការចិន-អាហ្វ្រិកក្រោមក្របខណ្ឌនៃវេទិកាសហប្រតិបត្តិការរវាងចិននិងអាហ្រ្វិកដោយសម្គាល់ឃើញថា កិច្ចប្រជុំកំពូលក្រុងប៉េកាំងដែលបានធ្វើឡើងនៅពេលមុននេះមិនជាយូរប៉ុន្មានបានជំរុញទំនាក់ទំនងរវាងចិននិងអាហ្រ្វិកឱ្យឡើងដល់កម្រិតថ្មីទៀត ។
អគ្គនាយករងនៃអគ្គនាយកដ្ឋានទ្វីបអាស៊ីនិងអូស្ត្រាលីនៃក្រសួងការបរទេសកេនយ៉ាបានថ្លែងថា កេនយ៉ានិងចិនទទួលបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ក្នុងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌនៃវេទិកាសហប្រតិបត្តិការរវាងចិននិងអាហ្រ្វិក ឆ្លងតាមរយៈការវិនយោគក្នុងគ្រប់វិស័យរបស់ប្រទេសកេនយ៉ា ដូចជាហេដ្ឋារចនាសម្ព័ន្ធ ការកសាងសមត្ថភាព សន្តិសុខស្បៀងអាហារ ថាមពលដែលអាចកកើតឡើងវិញនិងបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ជាដើម ប្រទេសចិនបានរួមចំណែកដ៏សំខាន់ក្នុងការធ្វើបរិវត្តកម្មសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកេនយ៉ា ៕