ថ្ងៃទី ១៣ ខែកញ្ញា តាមម៉ោងក្នុងតំបន់របស់អាមេរិក ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក(USTR)បានប្រកាសពីលទ្ធផលនៃការកែសម្រួលនិងពិនិត្យឡើងវិញចុងក្រោយចំពោះការដំឡើងពន្ធគយតាមវិធានការ៣០១លើផលិតផលរបស់ប្រទេសចិនរយៈពេលបួនឆ្នាំ ដែលនឹងបន្តដំឡើងពន្ធគយចំពោះផលិតផលមួយចំនួនលើមូលដ្ឋាននៃការបន្តបន្ថែមយកពន្ធគយ ហើយគ្រោងនឹងពង្រីកក្របខណ្ឌផលិតផលដែលត្រូវដំឡើងពន្ធគយថែមមួយកម្រិតទៀត ។ នាពេលថ្មីៗកន្លងទៅនេះ អ្នកនាំពាក្យនៃក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិបានថ្លែងសុន្ទរកថាអំពីលទ្ធផលនេះ ។
លទ្ធផលនៃការកែសម្រួលនិងពិនិត្យឡើងវិញចុងក្រោយដែលការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកបានប្រកាសលើកនេះ មិនត្រឹមតែមិនបានកាត់បន្ថយអត្រាពន្ធគយលើផលិតផលដែលនាំចូលពីប្រទេសចិន ដូចជារថយន្តអគ្គិសនី អាគុយលីចូមនិងប្រព័ន្ធPV រ៉ែសំខាន់ៗ និងវត្ថុពាក់កណ្ដាលចម្លងជាដើមប៉ុណ្ណោះទេ ថែមទាំងក៏បានលើកកម្ពស់អត្រាពន្ធគយលើផលិតផល ដូចជាម៉ាស់ ស្រោមដៃវេជ្ជសាស្ត្រជាដើមទៀតផង ។
អាមេរិកមិនអើពើនឹងមតិយោបល់របស់មជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មរបស់ចិននិងអាមេរិកស្តីពីការប្រឆាំងការដំឡើងពន្ធគយ ហើយបដិសោធមិនព្រមអនុវត្តពាក្យសន្យារបស់ខ្លួនស្តីពីការកាត់បន្ថយពន្ធគយដែលបានធ្វើក្នុងអង្គការពាណិជ្ជកម្មពិភពលោក ។ វិធានការឯកតោភាគីនិយមដែលបានល្មើសយ៉ាងច្បាស់លាស់នូវច្បាប់កំណត់របស់អង្គការពាណិជ្ជកម្មពិភពលោកបែបនេះ នឹងជះឥទ្ធិពលអវិជ្ជមានដល់ជំនឿចិត្តរបស់ឧស្សាហកម្មពាក់ព័ន្ធនៃប្រទេសចិននិងអាមេរិកសម្រាប់ធ្វើកិច្ចសហប្រតិបតិ្តការយូរអង្វែង ហើយនឹងនាំមកនូវផលវិបាកដល់កិច្ចសហប្រតិបតិ្តការផ្នែកខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ។ មជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មរបស់ប្រទេសចិនសម្តែងការប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ ។
មជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មរបស់ប្រទេសចិននិងអាមេរិកគួរបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ ដោះស្រាយវិវាទតាមរយៈកិច្ចពិគ្រោះពិភាក្សានិងកិច្ចសន្ទនា ក្នុងន័យសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសកល៕