ក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិនកាលពីថ្ងៃទី១៣ខែកញ្ញា មានអ្នកសារព័ត៌មានសួរថា កាលពីថ្ងៃទី១២ខែកញ្ញា រដ្ឋាភិបាលអង់គ្លេសបានចេញផ្សាយម្តងទៀតនូវអ្វីដែលហៅថា “របាយការណ៍ប្រចាំឆមាសអំពីបញ្ហាតំបន់ហុងកុង” តើភាគីចិនមានការអត្ថាធិប្បាយយ៉ាងណាអំពីរឿងនេះ?
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ភាគីចិនប្រឆាំងជាប់រហូតមកចំពោះភាគីអង់គ្លេសដែលនិយាយឆ្ការដៃឆ្ការជើងអំពីកិច្ចការតំបន់ហុងកុងតាមរយៈអ្វីដែលហៅថា “របាយការណ៍ប្រចាំឆមាស” ។ ចាប់ពីតំបន់ហុងកុងវិលត្រឡប់ចូលមាតុប្រទេសចិនវិញ ការអនុវត្ត“ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”ទទួលបានភាពជោគជ័យដែលពិភពលោកទាំងមូលសុទ្ធតែទទួលស្គាល់ ។ ការតាក់តែងនិងអនុវត្តច្បាប់សន្តិសុខជាតិនៅតំបន់ហុងកុងនិងលក្ខន្តិកៈសន្តិសុខជាតិ បានធ្វើឱ្យរបបបោះឆ្នោតនៃតំបន់រដ្ឋបាលពិសេសហុងកុងមានសុក្រឹតភាព និងបានជំរុញឱ្យតំបន់ហុងកុងសម្រេចបាននូវការប្រែក្លាយពីភាពចលាចលទៅជាការធ្វើអភិបាលកិច្ចតាមផ្លូវច្បាប់ ហើយឈានចូលក្នុងដំណាក់កាលថ្មីដែលវិវឌ្ឍពីអភិបាលកិច្ចដល់ការរីកចម្រើន ពោលគឺ សន្តិសុខ ប្រជាធិបតេយ្យនិងសិទ្ធិសេរីភាពរបស់ពលរដ្ឋហុងកុងទទួលការធានាប្រកបដោយប្រសិទ្ធភាព អនាគតនៃការអភិវឌ្ឍក៏កាន់តែភ្លឺស្វាងផងដែរ ។
លោកស្រី Mao Ning បានគូសបញ្ជាក់ថា កិច្ចការតំបន់ហុងកុងជាកិច្ចការផ្ទៃក្នុងរបស់ចិន ។ ភាគីអង់គ្លេសគួរតែគោរពការពិតជាក់ស្តែងដែលតំបន់ហុងកុងបានវិលត្រឡប់ចូលប្រទេសចិនវិញអស់រយៈពេល២៧ឆ្នាំហើយ ដូច្នេះ គួរបញ្ឈប់ការនិយាយឆ្ការដៃឆ្ការជើងចំពោះកិច្ចការតំបន់ហុងកុង ៕