ព្រឹកថ្ងៃទី ១៤ ខែកញ្ញា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានរៀបចំធ្វើមហាសន្និបាតអបអរសាទរខួបទី៧០នៃការបង្កើតសភាតំណាងប្រជាជនទូទាំងប្រទេសចិន នៅវិមានសភាប្រជាជនក្រុងប៉េកាំង ។ លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរូមមហាសន្និបាត ព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះ ។ លោកបានគូសបញ្ជាក់ថា ត្រូវប្រកាន់ខ្ជាប់យ៉ាងមុតមាំថែមមួយកម្រិតទៀតនូវការមានជំនឿចិត្តលើផ្លូវរបស់ខ្លួន មានជំនឿចិត្តលើទ្រឹស្តីរបស់ខ្លួន មានជំនឿចិត្តលើប្រព័ន្ធគ្រប់គ្រងរបស់ខ្លួននិងមានជំនឿចិត្តលើវប្បធម៌របស់ខ្លួន អភិវឌ្ឍប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល ប្រកាន់ខ្ជាប់ឱ្យបានល្អ ធ្វើឱ្យមានភាពល្អពេញលេញនិងដំណើរការឱ្យបានល្អនូវរបបសភាតំណាងប្រជាជន ក្នុងន័យផ្តល់ការធានាយ៉ាងរឹងមាំដល់ការសម្រេចបាននូវគោលដៅតស៊ូរបស់បក្សនិងប្រជាជនក្នុងយុគសម័យថ្មីនិងដំណើរថ្មី ។
លោកXi Jinping បានគូសបញ្ជាក់ទៀតថា ៧០ឆ្នាំកន្លងមក ក្រោមការដឹកនាំរបស់បក្ស របបសភាតំណាងប្រជាជនបានធានាប្រកបដោយប្រសិទ្ធភាពឱ្យប្រទេសចិនដើរទៅមុខតាមផ្លូវសង្គមនិយមជាប់រហូត ដែលបានបង្ហាញឱ្យឃើញនូវឧត្តមភាពខាងនយោបាយយ៉ាងលេចធ្លោ ក្នុងការធានាឱ្យបក្សដឹកនាំប្រជាជន គ្រប់គ្រងប្រទេសជាតិប្រកបដោយប្រសិទ្ធភាព ធានាឱ្យប្រជាជនធ្វើជាម្ចាស់ផ្ទះរបស់ប្រទេសជាតិ ធានាឱ្យប្រទេសជាតិមានសន្តិសុខនិងស្ថិរភាពយូរអង្វែងជាដើម ហើយបានផ្តល់ការធានាខាងប្រព័ន្ធរបបដ៏សំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងស្ថិរភាពសង្គមក្នុងរយៈពេលយូរ ។ ការអនុវត្តជាក់ស្តែងបានបញ្ជាក់ថា របបសភាតំណាងប្រជាជនជារបបល្អ ដែលសមស្របនឹងសភាពការណ៍ជាតិនិងការពិតជាក់ស្តែងរបស់ប្រទេសចិន និងបានបង្ហាញឱ្យឃើញនូវធាតុពិតរបស់ប្រទេសសង្គមនិយម ហើយក៏ជារបបល្អដែលអាចប្រមូលផ្តុំកម្លាំងកាយចិត្តរបស់ប្រជាជនគ្រប់រូបប្រកបដោយប្រសិទ្ធភាពដើម្បីរួមគ្នាជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ៕