ក្នុងឱកាសបើកវេទិកា Xiang Shan ក្រុងប៉េកាំងលើកទី១១ នៅថ្ងៃទី ១២ ខែកញ្ញា លោក Zhang Youxia អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានជួបសន្ទនាជាលោក Ng Eng Hen រដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី និងលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដែលអញ្ជើញចូលរួមវេទិកានៅក្រុងប៉េកាំង ។
ពេលជួបសន្ទនាជាមួយ លោក Ng Eng Hen លោក Zhang Youxia បានថ្លែងថា សង្ឃឹមកងទ័ពនៃប្រទេសទាំងពីរអាចរក្សាការប្រាស្រ័យទាក់ទងជាន់ខ្ពស់យ៉ាងស្អិតល្មួត ក្នុងន័យធ្វើឱ្យស៊ីជម្រៅនិងត្រួសត្រាយកិច្ចសហប្រតិបតិ្តការជាក់ស្តែងលើគ្រប់វិស័យ ដូចជាការរៀបចំលំហាត់សមយុទ្ធរួម និងការបណ្តុះបណ្តាលធនធានមនុស្សជាដើម ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរទទួលបានការអភិវឌ្ឍថ្មីឥតឈប់ឈរ ។
ជាការឆ្លើយតប លោក Ng Eng Hen បានថ្លែងថា សិង្ហបុរីប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលការណ៍ចិនតែមួយ រីករាយដើរតួនាទីមានលក្ខណៈស្ថាបនាដើម្បីថែរក្សាសន្តិភាពនិងស្ថិរភាពនៅតំបន់សមុទ្រចិនខាងត្បូង រំពឹងទុកអាចធ្វើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការជាមួយប្រទេសចិនឱ្យកាន់តែស៊ីជម្រៅ និងលើកកម្ពស់កម្រិតនៃទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរឥតឈប់ឈរ ។
ពេលជួបសន្ទនាជាមួយលោក ទៀ សីហា លោក Zhang Youxia បានថ្លែងថា ក្រោមការណែនាំរបស់អ្នកដឹកនាំនៃប្រទេសទាំងពីរ កិច្ចកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជាបានឈានចូលយុគសម័យថ្មីដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្តង់ដារខ្ពស់ ។ កិច្ចសហប្រតិបតិ្តការរវាងកងទ័ពនៃប្រទេសទាំងពីរទទួលបានផ្លែផ្កាយ៉ាងច្រើន រំពឹងថា ភាគីទាំងពីរអាចបង្កើនការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្ររវាងថ្នាក់ដឹកនាំជាន់ខ្ពស់ ធ្វើឱ្យកិច្ចសហប្រតិបតិ្តការជាក់ស្តែងលើគ្រប់វិស័យមានភាពកាន់តែស៊ីជម្រៅ និងជំរុញឱ្យទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរឡើងដល់កម្រិតថ្មី ។
ជាការឆ្លើយតប លោក ទៀ សីហា បានថ្លែងថា ភាគីកម្ពុជារីករាយធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយបណ្តាភាគីនានា ក្នុងន័យគាំពារសន្តិភាពនិងស្ថិរភាពនៅតំបន់សមុទ្រចិនខាងត្បូង ។ រំពឹងថា អាចធ្វើឱ្យស៊ីជម្រៅនិងទូលំទូលាយថែមទៀតនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការរវាងកងទ័ពនៃប្រទេសទាំងពីរ ដើម្បីជំរុញឱ្យកិច្ចកសាងសហគមន៍រួមវាសនារវាងកម្ពុជានិងចិនមានភាពកាន់តែស៊ីជម្រៅនិងប្រាកដប្រជា ៕