ថ្ងៃទី១២ខែកញ្ញា លោកភូទីនប្រធានាធិបតីរុស្ស៊ីបានជួបពិភាក្សាជាមួយលោកWangYiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានការិយាល័យកិច្ចការបរទេសនៃមជ្ឈិមចិននៅក្រុង Saint Petersburgប្រទេសរុស្ស៊ី។
ថ្លែងក្នុងកិច្ចជំនួប លោកភូទីនបានលើកឡើងថា រុស្ស៊ីទន្ទឹងរង់ចាំយ៉ាងកក់ក្តៅចំពោះវត្តមានរបស់ភាគីចិនក្នុងកិច្ចប្រជុំកំពូលKazanនៃថ្នាក់ដឹកនាំប្រទេសBRICSដែលនឹងបើកធ្វើនៅខែក្រោយ ។ រុស្ស៊ីនិងចិនបានធ្វើឱ្យស៊ីជម្រៅឥតឈប់ឈរនូវទំនាក់ទំនងភាពជាដៃគូសម្របសម្រួលនិងសហការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីរុស្ស៊ី-ចិន ដោយផ្អែកលើមូលដ្ឋានសមភាពនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យត្រូវបានជំរុញទៅមុខដោយរលូន។ ភាគីរុស្ស៊ីរីករាយចាត់ទុកខួបទី៧៥នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងរុស្ស៊ីនិងចិនជាកាលាតុវត្តភាពមួយ ដើម្បីអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បង្កើនការតភ្ជាប់គ្នាខាងយុទ្ធសាស្រ្តអភិវឌ្ឍន៍ ក៏ដូចជាជំរុញទំនាក់ទំនងរវាងរុស្ស៊ីនិងចិនឱ្យឡើងដល់កម្រិតថ្មីទៀត។
ជាការឆ្លើយតប លោកWangYiបានថ្លែងថា ការកសាងទំនុកចិត្តនិងចំណងមិត្តភាពរវាងចិននិងរុស្ស៊ីមានភាពរឹងមាំនិងជ្រាលជ្រៅណាស់ ក្រោមការណែនាំជាយុទ្ធសាស្រ្តរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ទំនាក់ទំនងភាពជាដៃគូសម្របសម្រួលនិងសហការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីរវាងចិននិងរុស្ស៊ីបានរីកចម្រើនទៅមុខប្រកបដោយភាពល្អបរិសុទ្ធនិងស្ថិរភាព។ក្រោមកិច្ចខិតខំប្រឹងប្រែងរួមរបស់ភាគីនានា កិច្ចសហប្រតិបត្តិការប្រទេសBRICSសម្រេចបាននូវការចាប់ផ្តើមដ៏ល្អប្រសើរ។ កិច្ចប្រជុំកំពូលKazanជាកិច្ចជំនួបថ្នាក់ដឹកនាំលើកដំបូងបន្ទាប់ពីប្រទេសBRICSបានពង្រីកសមាជិករបស់ខ្លួន ភាគីចិននឹងបន្តគាំទ្រយ៉ាងពេញទំហឹងដល់ភាគីរុស្ស៊ីក្នុងការបំពេញភារកិច្ចជាប្រធានប្រទេសBRICS និងជំរុញឱ្យកិច្ចប្រជុំកំពូលទទួលបានជោគជ័យដោយគាប់ប្រសើរ៕