នៅថ្ងៃទី ១១ ខែកញ្ញា អ្នកនាំពាក្យនៃស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិកបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីករណីដែលសភាជាន់ទាបអាមេរិកបានអនុម័តលើសេចក្តីព្រាងច្បាប់អវិជ្ជមានដែលមានខ្លឹមសារពាក់ព័ន្ធនឹងហុងកុង ។
អ្នកនាំពាក្យនៃស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិកបានថ្លែងថា សំដៅចំពោះការដែលបុគ្គលមួយចំនួនរបស់អាមេរិកបំផ្លើសប្រធានបទពាក់ព័ន្ធនឹងហុងកុង បង្កើតសេចក្តីព្រាងច្បាប់ដ៏អាក្រក់ពាក់ព័ន្ធនឹងហុងកុងនិងគាបសង្កត់លើការអភិវឌ្ឍរបស់ហុងកុងក្នុងគោលបំណងនយោបាយ ភាគីចិនសម្តែងការមិនពេញចិត្តនិងប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ ហើយបានលើកឡើងការតវ៉ាយ៉ាងម៉ឺងមាត់ចំពោះអាមេរិករួចហើយ ។ ទីស្នាក់ការសេដ្ឋកិច្ចនិងពាណិជ្ជកម្មគឺជាស្ថាប័នសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលបានបង្កើតឡើងដោយរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៅក្រៅប្រទេស ការដំណើការដោយជោគជ័យនិងរលូននៃស្ថាប័ននេះគឺ មានអំណោយផលដល់ការពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងតំបន់ហុងកុងជាមួយប្រទេសនិងតំបន់ពាក់ព័ន្ធ ហើយក៏ជារឿងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះផងដែរ ។ ហុងកុងគឺជាប្រភពអតិរេកពាណិជ្ជកម្មធំទីពីរនៃសហរដ្ឋអាមេរិកដែលមានសហគ្រាសអាមេរិកចំនួនជាង ១២០០ សហគ្រាសបានបណ្តាក់ទុននិងប្រកបអាជីវកម្មនៅហុងកុង ។ បុគ្គលមួយចំនួនរបស់អាមេរិកបានគ្រោងឧបាយកលបង្កើតសេចក្តីព្រាងច្បាប់ដ៏អាក្រក់ពាក់ព័ន្ធនឹងហុងកុង ក៏ដូចជាធ្វើនយោបាយនីយកម្មនិងឧបករណ៍ភាវូបនីយកម្មចំពោះកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាប្រក្រតី ។ ទង្វើរបស់បុគ្គលទាំងនេះមុខជាអសារឥតការ ហើយក៏ប្រាកដជានឹងបំផ្លាញដល់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អាមេរិកជាក់ជាមិនខាន ។
អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចិនក្នុងការគាំពារអធិបតេយ្យភាពជាតិ សន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍន៍ គឺមុតមាំមិនងាករេឡើយ ។ ប្រសិនបើភាគីអាមេរិកធ្វើតាមតែទំនើងចិត្ត នោះ ភាគីចិនមុខជានឹងចាត់វិធានការដ៏ខ្លាំងក្លានិងប្រាកដប្រជាដើម្បីតបតវិញជាដាច់ខាត ៕