មហាសន្និបាតស្តីពីការងារអប់រំទូទាំងប្រទេសចិនបានបើកធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី ៩ ដល់ថ្ងៃទី១០ ខែកញ្ញា ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួម ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ។ លោកបានគូសបញ្ជាក់ថា ការកសាងប្រទេសខ្លាំងក្លាខាងការអប់រំជាក្តីបំណងដ៏ល្អប្រសើររបស់ប្រជាជាជាតិចិនតាំងពីចូលសម័យទំនើបមក វាជាភារកិច្ចជាអាទិភាព ជាមូលដ្ឋានដ៏រឹងមាំនិងជាការទ្រទ្រង់ជាយុទ្ធសាស្ត្រ ដើម្បីជំរុញកិច្ចកសាងប្រទេសខ្លាំងក្លាដោយគ្រប់ជ្រុងជ្រោយ និងបុព្វហេតុដ៏មហិមានៃការស្តារភាពរុងរឿងរបស់ប្រជាជាតិចិន តាមរយៈការសម្រេចបាននូវការធ្វើទំនើបកម្មតាមបែបផែនចិន ដូច្នេះចាំបាច់ត្រូវឆ្ពោះទៅកាន់គោលដៅមួយនេះយ៉ាងប្រាកដប្រជា ។
លោក Xi Jinping បានលើកឡើងបន្តថា តាំងពីសមាជបក្សលើកទី១៨មក យើងបានប្រកាន់ខ្ជាប់នូវការចាត់ទុកការងារអប់រំជាផែនការគោលរបស់ប្រទេសជាតិនិងជាផែនការគោលរបស់បក្ស ដោយបានអនុវត្តគោលការណ៍ណែនាំខាងការអប់រំរបស់បក្សដោយគ្រប់ជ្រុងជ្រោយ បានធ្វើសេចក្តីសម្រេចចិត្តដ៏សំខាន់អំពីការអនុវត្តឱ្យបានស៊ីជម្រៅនូវយុទ្ធសាស្ត្រកសាងប្រទេសខ្លាំងក្លាតាមរយៈវិទ្យាសាស្ត្រនិងការអប់រំ និងពន្លឿនការធ្វើទំនើបកម្មខាងការអប់រំ ហើយបានកំណត់គោលដៅតស៊ូស្តីពីការកសាងប្រទេសខ្លាំងក្លាខាងការអប់រំនៅឆ្នាំ២០៣៥ ដែលបានផ្តល់ការទ្រទ្រង់យ៉ាងខ្លាំងក្លាដល់ការជំរុញកិច្ចកសាងប្រទេសខ្លាំងក្លាដោយគ្រប់ជ្រុងជ្រោយនិងបុព្វហេតុដ៏មហិមានៃការស្តារភាពរុងរឿងរបស់ប្រជាជាតិចិន តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ៕