កាលពីថ្ងៃទី១០ខែកញ្ញា លោក Li Song ឯកអគ្គរដ្ឋទូតចិននិងជាតំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការថាមពលបរិមាណូអន្តរជាតិបានចូលរួមកិច្ចប្រជុំនៃក្រុមប្រឹក្សាខែកញ្ញា ដោយថ្លែងសុន្ទរកថាអំពីសភាពការណ៍វិទ្យាសាស្ត្រ បច្ចេកទេសនិងការប្រើប្រាស់ថាមពលនុយក្លេអ៊ែររបស់ចិន ហើយគូសបញ្ជាក់ថា ចិនផ្តួចផ្តើមគំនិតយ៉ាងសកម្មអំពីការប្រើប្រាស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានុយក្លេអ៊ែរដោយសន្តិវិធីដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេសសកលខាងត្បូង ។
លោក Li Song បានថ្លែងថា ឆ្នាំនេះជាខួបទី៤០នៃការដែលចិនចូលជាសមាជិកអង្គការថាមពលបរិមាណូអន្តរជាតិ ។ ចិនខិតខំប្រឹងប្រែងយ៉ាងសកម្មនូវការអភិវឌ្ឍថាមពលអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរប្រកបដោយសន្តិសុខនិងមានសណ្តាប់ធ្នាប់ ចាត់ទុកថាមពលនុយក្លេអ៊ែរជាសសរស្តម្ភដ៏សំខាន់ក្នុងការធានាសន្តិសុខថាមពល ឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុនិងសម្រេចគោលដៅកាត់បន្ថយការបញ្ចេញកាបូនបន្ទាប់ពីឡើងដល់ចំណុចកំពូលនិងអព្យាក្រឹតភាពកាបូន ។ ចិនគាំទ្រយ៉ាងសកម្មនូវការបណ្តុះបណ្តាលធនធានមនុស្សរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ។ កម្មវិធីបណ្តុះបណ្តាលដែលរៀបចំដោយអង្គការថាមពលបរិមាណូជាតិចិននិងអង្គការថាមពលបរិមាណូអន្តរជាតិបានបណ្តុះបណ្តាលធនធានមនុស្សមានជំនាញខាងផ្នែកវិទ្យុសកម្មរបស់ប្រទេសអាហ្វ្រិកចំនួន១៥ ។ កម្មវិធីអាហារូបករណ៍ខាងថាមពលបរិមាណូចិនកំពុងត្រូវបានអនុវត្តយ៉ាងសកម្ម ដែលស្ទើរតែគ្របដណ្តប់មុខជំនាញទាំងអស់នៃឧស្សាហកម្មនុយក្លេអ៊ែរ ។ ចិនស្វាគមន៍ប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់ណែនាំយុវជនដ៏ឆ្នើមក្នុងវិស័យនុយក្លេអ៊ែរឱ្យទៅបន្តការសិក្សានៅប្រទេសចិន ៕