ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកគីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើងត្រួតពិនិត្យការងារយោធាមួយចំនួន
2024-09-08 15:23:01cri
Share with:


 

យោងតាមការផ្សាយដំណឹងរបស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើងនៅថ្ងៃទី ៨ ខែកញ្ញាបានឲ្យដឹងថា លោក គីម ជុងអ៊ុន អគ្គលេខាធិការបក្សពលករកូរ៉េខាងជើង និងជាប្រធានក្រុមប្រឹក្សាកិច្ចការរដ្ឋកូរ៉េខាងជើងបានធ្វើចុះត្រួតពិនិត្យការងារយោធាមួយចំនួននាពេលថ្មីៗកន្លងទៅនេះ។

នៅថ្ងៃទី៦ខែកញ្ញា លោក គីម ជុងអ៊ុន បានទស្សនាសាលាកងកាំភ្លើងធំ ដែលបណ្តុះបណ្តាលធនធានមនុស្សស្នូលនៃកងកម្លាំងកាំភ្លើងធំរបស់ប្រទេសកូរ៉េខាងជើង។ លោក គីម ជុងអ៊ុន បានតម្រូវឱ្យមេបញ្ជាការកងកាំភ្លើងធំមានជំនាញខាងយុទ្ធសាស្ត្រកាំភ្លើងធំ និងអាវុធទំនើបៗជាច្រើន ព្រមទាំងមានសមត្ថភាពបញ្ជាការប្រយុទ្ធដើម្បីទប់ទល់នឹងសង្គ្រាមទំនើបក្នុងគ្រប់កាលៈទេសៈ ក៏ដូចជាគាបសង្កាត់និងបង្ក្រាបសត្រូវផងដែរ។

  

យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើងផ្សាយដំណឹងឱ្យដឹងទៀតថា ពេលថ្មីៗនេះ លោក គីម ជុងអ៊ុន ក៏បានចុះត្រួតពិនិត្យសភាពការណ៍សាងសង់មូលដ្ឋានកងទ័ពជើងទឹកទំនើប និងបានណែនាំការងារផលិតនាវាផងដែរ។ លើសពីនេះ លោក គីម ជុងអ៊ុន ក៏បានទស្សនាសហគ្រាសឧស្សាហកម្មយោធានៃគណៈកម្មការសេដ្ឋកិច្ចទីពីរ ដើម្បីឈ្វេងយល់អំពីការផលិតអាវុធ និងឧបករណ៍ពាក់ព័ន្ធនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ៕

អ្នកបកប្រែ:马小青
ប្លុកពិសេស