ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងចិននិងកម្ពុជាប្រារព្ធធ្វើឡើង
2024-09-07 13:44:47cri
Share with:

កិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងចិននិងកម្ពុជាបានធ្វើឡើងនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ៦ ខែកញ្ញា ក្រោមសហអធិបតីភាពរបស់ លោក Wang Xiaohong សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន និងលោក ស សុខា ឧបនាយករដ្ឋមន្ដ្រីនិងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំ លោក Wang Xiaohong បានលើកឡើងថា ប្រទេសចិននិងកម្ពុជា ជាមិត្តដែកថែប។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឈានដល់គំនិតឯកភាពដ៏សំខាន់ស្តីពីការកសាងសហគមន៍រួមវាសនាចិន-កម្ពុជាក្នុងយុគសម័យថ្មីដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ។ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយកម្ពុជា ដើម្បីប្រកាន់ខ្ជាប់នូវការអនុវត្តគំនិតឯកភាពសំខាន់របស់មេដឹកនាំនៃប្រទេសទាំងពីរ រក្សាការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រ កសាងទំនុកចិត្តនិងផ្តល់ជំនួយទៅវិញទៅមក បន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្នែកនយោបាយនិងសន្តិសុខ រួមគ្នាអនុវត្តប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្ម និងលើកកម្ពស់កម្រិតកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងសមត្ថភាពអនុវត្តច្បាប់ ក៏ដូចជារួមគ្នាគាំពារសន្តិសុខ និងស្ថិរភាពនៃប្រទេសទាំងពីរ និងក្នុងតំបន់។

ជាការឆ្លើយតប លោក  ស សុខា បានថ្លែងអំណរគុណចំពោះប្រទេសចិនដែលបានផ្តល់ការគាំទ្រនិងជំនួយដល់កម្ពុជាក្នុងរយៈពេលជាយូរកន្លងមក ។ លោកក៏បានបង្ហាញឆន្ទៈក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការខាងការអនុវត្តច្បាប់រវាងប្រទេសទាំងពីរផងដែរ។

ដោយឡែក ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារមួយចំនួនអំពីការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការការអនុវត្តច្បាប់រវាងចិននិងកម្ពុជា។

 

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស