នារសៀលថ្ងៃទី៥ ខែកញ្ញា លោកប្រធានរដ្ឋចិន Xi Jinping បានជួបពិភាក្សាការងារដោយឡែកពីគ្នាជាមួយលោក Trovoada នាយករដ្ឋមន្ត្រីនៃប្រទេសសៅតូម៉េនិងប្រាំងស៊ីប លោក Nana Akufo-Addo ប្រធានាធិបតីនៃប្រទេសហ្កាណា និងលោក Paul Kagame ប្រធានាធិបតី រវ៉ាន់ដា ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិក នៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង។
ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា កិច្ចប្រជុំកំពូលនេះបានដាក់ចេញផែនការគោលថ្មីសម្រាប់ការពួតដៃគ្នាជំរុញការធ្វើទំនើបកម្ម និង កសាងសហគមន៍រួមវាសនាចិន-អាហ្វ្រិកកម្រិតខ្ពស់ បូកសរុបបទពិសោធប្រវត្តិសាស្ត្រនៃមិត្តភាពចិន-អាហ្វ្រិក និងបានកំណត់ពីទិសដៅ និងផ្លូវសម្រាប់ប្រទេសចិន និង អាហ្រ្វិកពួតដៃគ្នាជំរុញការធ្វើទំនើបកម្ម។ កិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកនឹងក្លាយទៅជានិមិត្តសញ្ញាថ្មីក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងចិន-អាហ្វ្រិក។
ជាការឆ្លើយតប លោក Trovoada នាយករដ្ឋមន្ត្រីនៃប្រទេសសៅតូម៉េនិងប្រាំងស៊ីបបានថ្លែងថា ខ្ញុំមានក្តីសោមនស្សរីករាយណាស់ដែលមើលឃើញប្រទេសចិនបានប្រកាសពីវិធានការពាក់ព័ន្ធ វិធានការទាំងនេះក៏ជាសាក្ខីភាពមួយទៀតដែលលោកនិងប្រទេសចិនបានខិតខំជំរុញការកសាងសហគមន៍រួមវាសនាចិន-អាហ្វ្រិក ។
ចំណែកលោក Nana Akufo-Addo ប្រធានាធិបតីនៃប្រទេសហ្កាណាបានថ្លែងថា ហ្កាណាបានឱ្យតម្លៃនិងថែរក្សាទំនាក់ទំនងជាមួយប្រទេសចិនខ្លាំងណាស់ ទំនាក់ទំនងទ្វេភាគីបានឆ្លងកាត់រយៈពេលជាង ៦០ ឆ្នាំ ភាគីយើងទាំងពីរមានគោលបំណងនិងគោលដៅដូចគ្នា។
ដោយឡែក លោក Paul Kagame ប្រធានាធិបតី រវ៉ាន់ដាបានថ្លែងថា រវ៉ាន់ដាបាននិងបន្តធ្វើការជាមួយប្រទេសចិន ដើម្បីអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី និងសម្រេចបាននូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក៕