ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiang នាយករដ្ឋមន្ត្រីចិនអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងមហាសន្និបាតសហគ្រិនចិន-អាហ្វ្រិកលើកទី៨
2024-09-06 17:23:42cri
Share with:


 នាព្រឹកថ្ងៃទី៦ ខែកញ្ញា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងពិធីបើកមហាសន្និបាតសហគ្រិនចិន-អាហ្វ្រិកលើកទី៨ នៅមជ្ឈមណ្ឌលសន្និសីទជាតិក្រុងប៉េកាំង ។

លោក Li Qiang បានលើកឡើងថា ប្រទេសចិន និងអាហ្រ្វិកគួរតែរួមសាមគ្គីនិងសហការគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មវិវឌ្ឍទៅមុខកាន់តែស៊ីជម្រៅ និងមានកម្រិតកាន់តែខ្ពស់។ លោកក៏បានលើកសំណើថា ៖ ទីមួយ គឺពង្រឹងការតភ្ជាប់ទីផ្សារបន្ថែមទៀត។ ប្រទេសចិននឹងពង្រីកការបើកចំហដោយឯកតោភាគីចំពោះប្រទេសមានការអភិវឌ្ឍតិចតួច ផ្តល់ភាពងាយស្រួលកាន់តែច្រើនដល់ការនាំចេញផលិតផលកសិកម្មអាហ្រ្វិកដល់ប្រទេសចិន ក្នុងន័យផ្តល់ភាពងាយស្រួលដល់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគជាបន្តបន្ទាប់ ។ ទី២ គឺជំរុញបន្ថែមទៀតនូវសមាហរណកម្មឧស្សាហកម្ម។ ប្រទេសចិនមានឆន្ទៈក្នុងការបន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្នែកខ្សែសង្វាក់ឧស្សាហកម្មជាមួយទ្វីបអាហ្រ្វិក ដើម្បី រួមគ្នាគាំពារស្ថិរភាព និងភាពរលូននៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់។ ទី៣ គឺបង្កើនកម្លាំងចលករតាមរយៈការច្នៃប្រឌិត ។ ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយទ្វីបអាហ្រ្វិកក្នុងវិស័យសេដ្ឋកិច្ចឌីជីថល បញ្ញាសិប្បនិមិ្មតនិងថាមពលថ្មីជាដើម  រួមគ្នាពូនជ្រំកម្លាំងចលករថ្មីនៃការអភិវឌ្ឍ និងស្វែងរកចំណុចកំណើនសេដ្ឋកិច្ចថ្មីកាន់តែច្រើនថែមទៀត ។

មេដឹកនាំនៃប្រទេសអាហ្វ្រិក តំណាងសហគ្រិនចិននិងអាហ្រ្វិក និងតំណាងអង្គការនិងស្ថាប័នអន្តរជាតិពាក់ព័ន្ធ ប្រមាណ១ពាន់រូប បានចូលរួមក្នុងពិធីនេះ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស