ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចិន និង អាហ្វ្រិកក្តោបយកយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងការអភិវឌ្ឍរួមគ្នា
2024-09-06 12:18:08cri
Share with:


ដូចដែលយើងបានដឹងទាំងអស់គ្នាថា ពិភពលោកកំពុងស្ថិតនៅក្នុងការផ្លាស់ប្តូរដ៏ខ្លាំងក្លា ដោយសកលភាវូបនីយកម្ម សេដ្ឋកិច្ច និងព័ត៌មានវិទ្យាភាវូបនីយកម្មសង្គមបានរំដោះ និងអភិវឌ្ឍយ៉ាងក្រៃលែងដល់កម្លាំងផលិតកម្មសង្គម។ យ៉ាងណាមិញ បើទោះបីជាពិភពលោកក៏ប្រឈមមុខនឹងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមកដូចគ្នា ដែលក្នុងនោះរួមមាន អនុត្តរភាពនិយម អំពើភេរវនិយម វិបត្តិហិរញ្ញវត្ថុ ក៏ដូចជាបញ្ហាបរិស្ថានផងដែរ ដែលបានកើតមានឡើងកាន់តែខ្លាំងឡើងៗយ៉ាងណាក៏ដោយ សម្រាប់ទំនាក់ទំនងជាមួយនិងទ្វីបអាហ្វ្រិក ប្រទេសចិនបាននិងកំពុងអនុវត្តនូវគោលការណ៍ដោយផ្អែកលើភាពស្មោះត្រង់ ចំណងមិត្តភាព ជំនឿទុកចិត្តនិងលទ្ធផលជាក់ស្តែង និងទស្សនៈគុណធម៌ទទួលផលប្រយោជន៍ត្រឹមត្រូវ និងល្អប្រសើរជាងមុន ដោយបង្កើនកិច្ចពិភាក្សាគ្នាអំពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងផែនការអនាគត ស្របនឹងប្រធានបទនៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិករយៈពេល២៤ឆ្នាំស្តីពី «ពួតដៃគ្នាជំរុញការធ្វើទំនើបកម្ម រួមគ្នាជំរុញការកសាងសហគមន៍រួមវាសនាចិន-អាហ្វ្រិក» ហើយត្រូវបានលាតត្រដាងតាមទិន្នន័យជាក់ស្តែងដោយរំលេចថា ក្នុងរយៈពេល១៥ឆ្នាំជាប់ៗគ្នា ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ទ្វីបអាហ្វ្រិក ហើយទំហំពាណិជ្ជកម្មរវាងចិននិងអាហ្វ្រិកឡើងដល់២៨២.១ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ ដែលកើនឡើងជិត១១% បើប្រៀបធៀបនឹងឆ្នាំ ២០២១ ដែលជាកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។

ដូចដែលបានផ្សព្វផ្សាយជាសាធារណៈ ចិនជាប្រទេសកំពុងអភិវឌ្ឍន៍ដែលធំជាងគេបង្អស់លើពិភពលោក ចំណែកទ្វីបអាហ្វ្រិកជាតំបន់ដែលមានជនក្រីក្រច្រើនបំផុតលើពិភពលោក ក្នុងន័យនេះ ការកសាងភាពជាដៃគូជាយុទ្ធសាស្រ្ត និងសហប្រតិបត្តិការដ៏ទូលំទូលាយរវាងចិននិងអាហ្វ្រិក ជាពិសេសក្រោយពេលដាក់ចេញនូវ«គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» ប្រទេសចិនបានអនុវត្តនូវផែនការសហប្រតិបត្តិការជាមួយច្រើនជាមួយអាហ្វ្រិកក្នុងរយៈពេល១១ឆ្នាំកន្លងមកនេះ ដោយបានដោះស្រាយបញ្ហារាំងស្ទះចំនួន៣ដែលរារាំងដល់ការអភិវឌ្ឍរបស់អាហ្វ្រិករួមមាន ១)កង្វះហេដ្ឋារចនាសម្ព័ន្ធ ២)កង្វះបុគ្គលិកឯកទេសនិងអ្នកជំនាញ និង៣)កង្វះទុនវិនិយោគ។ ដំណោះស្រាយនេះបានគេចាត់ទុកថាជាគំរូមួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ ឬកិច្ចសហប្រតិបត្តិការត្បូង-ត្បូង។ ក្នុងរយៈពេល១០កន្លងទៅនេះ សហគ្រាសចិនបានចុះហត្ថលេខាលើគម្រោងម៉ៅការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនិងសំណង់នៅទី្វបអាហ្វ្រិកដូចជាគមនាគមន៍ ថាមពល អគ្គិសនី បណ្តាញអ៊ីនធឺណិត និងលំនៅឋានជាដើមក្នុងទំហំទឹកប្រាក់លើសពី៧០០ប៊ីលានដុល្លារអាមេរិក និងបានសម្រេចទំហំអាជីវកម្មលើសពី៤០០ប៊ីលានដុល្លារអាមេរិក។ គម្រោងសាងសង់និងស្តារផ្លូវថ្នល់មានប្រវែងសរុបលើសពី១០ម៉ឺនគីឡូម៉ែត្រ ផ្លូវដែកមានប្រវែងសរុបលើសពី១ ម៉ឺនគីឡូម៉ែត្រ បូករួមទាំងបណ្តាញខ្សែកាបនិងបណ្តាញអ៊ីនធឺណិតបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនអាហ្វ្រិកលើសពី៩រយលាននាក់។ ក្នុងរយៈពេល៣ឆ្នាំថ្មីៗនេះ សហគ្រាសចិនបានបង្កើតឱកាសការងារលើសពី១.១លាននាក់សម្រាប់ប្រជាជននៅទ្វីបអាហ្វ្រិក។

ដូចដែលបានចែករំលែកនូវបទពិសោធន៍ជូនដល់ទ្វីបអាហ្វ្រិក ប្រទេសចិនបាននិងកំពុងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនដោយគ្រប់ជ្រុងជ្រោយ រីឯទ្វីបអាហ្វ្រិកក៏បានពន្លឿនជំហានឆ្ពោះទៅកាន់ទស្សនទានដែលកំណត់ដោយ «របៀបវារៈឆ្នាំ២០៦៣»របស់សហភាពអាហ្វ្រិក ដើម្បីសម្រេចបាននូវការអភិវឌ្ឍនិងភាពរុងរឿង។ ភាគីទាំងពីរបានចាប់ដៃគ្នាជំរុញការធ្វើទំនើបកម្ម ប្រការនេះមានសារសំខាន់ណាស់ចំពោះ «ការរួមគ្នាបង្កើតសហគមន៍រួមវាសនារវាងចិននិងអាហ្វ្រិកប្រកបដោយកម្រិតខ្ពស់»ស្របនឹងទស្សនៈរបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានលើកឡើងខណៈពេលឆ្លើយតបសំបុត្រចំពោះបញ្ញវន្តនៃប្រទេសទ្វីបអាហ្វ្រិកចំនួន៥០ប្រទេសថា «តាំងពីដើមមក ចិននិងអាហ្វ្រិកគឺជាសហគមន៍រួមវាសនារបស់មនុស្សជាតិ» ហើយដែលប្រជាជនអាហ្វ្រិកបានទទួលផលពីការរំពឹងទុករបស់ខ្លួននៃដំណើរការប្រកបដោយផ្លែផ្កានៃសហគមន៍រួមវាសនារវាងចិននិងអាហ្វ្រិកក្នុងយុគសម័យថ្មី ហើយក្នុងពិធីបើកវេទិកាលើកទី២៤នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក Xi Jinping ថែមទាំងបានលើកទឹកចិត្តដល់ទ្វីបអាហ្រ្វិកបន្តពួតដៃគ្នាជាមួយប្រទេសចិនក្នុងបុព្វហេតុ«ទំនើបកម្មចំនួន៦» រួមមាន៖ ១)យុត្តិធម៌និងសមហេតុផល ២)ការបើកចំហនិងឈ្នះ-ឈ្នះ ៣)ការតម្កល់ប្រជាជនជាចម្បង ៤)ពិពិធកម្មនិងបរិយាបន្ន ៥)សុខដុមនីយកម្មជាមួយបរិស្ថាន និង ៦)សន្តិភាពនិងសន្តិសុខ។ បន្ថែមពីលើនេះ រាល់កិច្ចអភិវឌ្ឍនៅក្នុងទ្វីបអាហ្វ្រិក ប្រទេសចិនបានដើរតួនាទីសំខាន់ណាស់ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពនៃសេដ្ឋកិច្ចបៃតង ដោយធានាបានការរួមចំណែកជាមួយទ្វីបអាហ្វ្រិកនូវការអភិវឌ្ឍប្រកបដោយចីរភាពស្របតាមទិសដៅរបស់អង្គការសហប្រជាជាតិសម្រាប់ឆ្នាំ២០៣០។

ដូចដែលបានកត់ត្រាដោយប្រវត្តិវិទូ ជាងពេលណាៗទាំងអស់ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ទំនាក់ទំនងរវាងចិន និងទ្វីបអាហ្វ្រិក ជាពិសេសឆ្នាំ២០២៤នេះ បានចាប់ដៃគ្នាបោះជំហានឈានចូលយុគសម័យថ្មីឈរយ៉ាងរឹងមាំលើទម្រនៃភក្តីភាពនិងកល្យាណមិត្ត ហើយភាគីទាំងពីរបានសម្លឹងមើលទៅអនាគតដ៏ត្រចះត្រចង់ក្នុងសហគមន៍វាសនារួមគ្នាប្រៀបដូចជាគ្រួសារតែមួយ ដោយលោក Xi Jinping បានសន្យាប្រកបដោយទំនួលខុសត្រូវខ្ពស់ថា ក្នុងរយៈពេលបីឆ្នាំខាងមុខ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយទ្វីបអាហ្រ្វិកដើម្បីអនុវត្តសកម្មភាពនៃភាពជាដៃគូសំខាន់ៗចំនួន ១០ បូករួមទាំងការរៀនសូត្រពីអរិយធម៌ទំនើបទៅវិញទៅមក ពាណិជ្ជកម្មនិងវិបុលភាព និងកិច្ចសហប្រតិបត្តិការខ្សែសង្វាក់ឧស្សាហកម្មជាដើម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក និងជំរុញការធ្វើទំនើបកម្មនៃសកលខាងត្បូង។

ជារួម ដូចទៅនឹងសុបិនរួមរវាងចិននិងអាហ្វ្រិក ទំនាក់ទំនងរវាងចិននិងអាហ្វ្រិកដែលបានឆ្លុះបញ្ចាំងតាមរយៈវេទិកាលើកទី២៤ស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក បានឈានដល់ដំណាក់កាលនៃការរីកចម្រើនដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ។ ភាគីទាំងពីរ ចិននិងអាហ្វ្រិកមានភាពក្លាហានក្នុងបោះជំហាន លើកកម្រិតកម្ពស់ ហើយសម្លឹងមើលយ៉ាងឆ្ងាយនូវទស្សនវិស័យដើម្បីកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ និងថែរក្សាអរិយធម៌អេកូឡូស៊ី ដោយសហការគ្នា ប្រមូលផ្តុំនូវពុទ្ធិ និងកម្លាំងរបស់ប្រជាជនចិន និង អាហ្វ្រិកដែលមានចំនួនច្រើនជិត៣ពាន់លាននាក់ ដោយលាតត្រដាងនូវមាគ៌ានៃផែនទីបង្ហាញផ្លូវឆ្ពោះទៅកាន់យុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះចិន-អាហ្វ្រិកប្រកបដោយទំនុកចិត្តខ្ពស់៕

 

ដោយបណ្ឌិត ជា មុនីឫទ្ធិ

សមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន

 

 

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស