ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោករដ្ឋមន្ត្រីការបរទេសចិន Wang Yi ពិភាក្សាការងារដោយឡែកពីគ្នាជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសអាហ្វ្រិកខាងត្បូង និង សេណេហ្គាល់
2024-09-02 11:23:04cri
Share with:

កាលពីថ្ងៃទី ១ ខែកញ្ញា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារ ដោយឡែកពីគ្នាជាមួយលោក Lamola រដ្ឋមន្ត្រីការបរទេសអាហ្រ្វិកខាងត្បូង និងលោកស្រី Fall រដ្ឋមន្ត្រីការបរទេសសេណេហ្គាល់ នៅទីក្រុងប៉េកាំង ។

ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានបញ្ជាក់ថា កិច្ចប្រជុំកំពូលនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកនឹងបើកធ្វើក្នុងពេលឆាប់ៗខាងមុខនេះ។ ក្នុងរយៈពេល ២៤ ឆ្នាំបន្ទាប់ពីបង្កើតវេទិកានេះឡើង វាបានជំរុញការអភិវឌ្ឍរបស់ទ្វីបអាហ្រ្វិកប្រកបដោយប្រសិទ្ធភាព ព្រមទាំងបានក្លាយជាវេទិកាដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការត្បូង-ត្បូង និងបានជំរុញឱ្យអន្តរជាតិធ្វើកិច្ចសហប្រតិបត្តិការជាមួយអាហ្វ្រិក។ ប្រទេសចិនគាំទ្រយ៉ាងម៉ឺងម៉ាត់ដល់បណ្តាប្រទេសនៅទ្វីបអាហ្រ្វិកក្នុងការគាំពារសិទ្ធិស្របច្បាប់របស់ខ្លួនស្តីពីការអភិវឌ្ឍនិងការស្តារឡើងវិញ ហើយមានឆន្ទៈធ្វើការរួមគ្នាដើម្បីកសាងពិភពលោកប្រកបដោយពហុប៉ូល សមភាព និងមានសណ្តាប់ធ្នាប់ ក៏ដូចជាធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលប្រកបដោយបរិយាបន្ន និងផ្តល់ប្រយោជន៍ជាទូទៅ ។

ជាការឆ្លើយតប លោក Lamola បានថ្លែងថា រដ្ឋាភិបាលសាមគ្គីជាតិនៃអាហ្រ្វិកខាងត្បូងប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ។ អាហ្រ្វិកខាងត្បូងគាំទ្រនូវគំនិតផ្តួចផ្តើមសកលមួយចំនួនដែលលើកឡើងដោយប្រទេសចិន ហើយមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសចិនដើម្បីជំរុញការរួបរួមជាតិនិងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសសកលខាងត្បូង ។

   ដោយឡែក លោកស្រី Fall បានថ្លែងថា ក្នុងអំឡុងកិច្ចប្រជុំកំពូលលើកនេះ លោក Faye ប្រធានាធិបតីសេណេហ្គាល់ នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ហើយនេះក៏នឹងជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនៅបរទេសក្រៅពីប្រទេសទ្វីបអាហ្វ្រិក សង្ឃឹមថា អាចឆ្លៀតយកឱកាសនេះ ដើម្បីធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងសេណេហ្គាល់ និងចិន។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស