ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

"វិមានមិត្តភាព" ដែលចិននិងអាហ្វ្រិកកសាងរួមគ្នា
2024-08-30 15:44:47cri
Share with:

នៅជាយក្រុងភាគខាងលិចនៃទីក្រុងកំពង់ផែ Dar Es Salaam ក្នុងប្រទេសតង់ហ្សានីមានទីបច្ចាដ៏ស្ងប់ស្ងាត់មួយកន្លែង ។ នៅក្រោមផ្កាពណ៌សដែលរីកស្គុះស្គាយនៅលើដើមឈើ ផ្នូរថ្មក្រានីតជាជួរៗត្រូវបានរៀបចំយ៉ាងល្អស្អាតនិងផ្ចិតផ្ចង់។

នេះជាទីបញ្ចុះសពរបស់អ្នកជំនាញចិនដែលបានជួយប្រទេសតង់ហ្សានី ។ លោក Omari អ្នកយាមផ្នូរអាយុ ៤៣ ឆ្នាំកំពុងជូតសំអាតស្លាកផ្នូរសំខាន់នៅច្រកចូលដោយប្រុងប្រយ័ត្ន ។

ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០១៣ គឺជាថ្ងៃដែលលោក Omari "ចងចាំជារៀងរហូត" ។ នៅថ្ងៃដដែលនោះ លោក Xi Jinping ប្រធានរដ្ឋចិនដែលបានបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងនៅប្រទេសតង់ហ្សានីដែលអមដំណើរដោយលោក Kikwete ប្រធានាធិបតីតង់ហ្សានីបានធ្វើដំណើរពិសេសទៅកាន់ទីបញ្ចុះសព ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធវីរជនពលីជីវិតដែលត្រូវបានបញ្ចុះសពនៅទីនេះ ។

លោក Xi Jinping បានសរសើរពួកគេថាជា"វីរបុរសដែលបានបង្កើតវិមាននៃមិត្តភាពចិន-តង់ហ្សានីនិងចិន-អាហ្វ្រិក"។

នៅទសវត្សរ៍ឆ្នាំ ១៩៧០ អ្នកជំនាញ និងអ្នកបច្ចេកទេសចិនរាប់ម៉ឺននាក់បានធ្វើដំណើរឆ្លងកាត់មហាសាគរទៅកាន់ទ្វីបអាហ្រ្វិក ធ្វើការតស៊ូជាមួយប្រជាជនតង់ហ្សានីនិងប្រជាជនសំប៊ី ហើយបានសាងសង់ផ្លូវដែកតង់ហ្សានី-សំប៊ីដែលត្រូវបានគេស្គាល់ថាជាផ្លូវមិត្តភាពនិងផ្លូវសេរីភាពដែលកសាងឡើងដោយញើសឈាម រហូតដល់បូជាជីវិត។

ផ្លូវដែកហ្សានី-សំប៊ីឆ្លងកាត់ភ្នំខ្ពស់ និងជ្រលងជ្រៅ ទន្លេ និងបឹង ព្រៃឈើ វាលស្មៅ និងវាលភក់ដីសើម ដែលមានប្រវែងសរុប ១៨៦០.៥ គីឡូម៉ែត្រ ។ ភាពខុសគ្នានៃសណ្ឋានដីដ៏ស្មុគស្មាញ និងទីទាបទីខ្ពស់បាននាំមកនូវបញ្ហាប្រឈមជាច្រើនដល់ការងារសាងសង់ អ្នកសាងសង់ក៏ត្រូវប្រឈមមុខនឹងការលំបាកដែលមិនអាចនឹកស្មានដល់ ដូចជា កង្វះខាតពេទ្រនិងនិងឱសថ កង្វះអាហារ អាកាសធាតុក្តៅ និងជំងឺរាតត្បាតជាដើម ។ 

ផ្លូវដែកតង់ហ្សានី-ហ្សាំប៊ីបានចាប់ផ្តើមសាងសង់នៅខែតុលាឆ្នាំ ១៩៧០ ហើយត្រូវបានប្រគល់ជាផ្លូវការទៅរដ្ឋាភិបាលនៃប្រទេសតង់ហ្សានីនិងសំប៊ីក្នុងខែកក្កដាឆ្នាំ ១៩៧៦ ។ បន្ទាប់ពីការប្រគល់នេះ អ្នកជំនាញចិនក៏បានធ្វើការបណ្តុះបណ្តាលគ្រប់ជ្រុងជ្រោយដល់បុគ្គលិកក្នុងស្រុកផងដែរ ។ រដ្ឋាភិបាលទាំងបីបន្តអនុវត្តកិច្ចសហប្រតិបត្តិការបច្ចេកទេសលើគម្រោងផ្លូវដែកតង់ហ្សានី-សំប៊ី ។

ក្នុងចំណោមវីរជនចិនដែលគេងស្ដូកស្ដឹងនៅទីបញ្ចុះសពនេះ ក្នុងនោះ មាន ៥១ នាក់បានបាត់បង់ជីវិតនៅក្នុងការសាងសង់ផ្លូវដែកនិងកិច្ចសហប្រតិបត្តិការបច្ចេកទេស ហើយ ១៩ នាក់បានលះបង់ជីវិតដ៏មានតម្លៃរបស់ពួកគេនៅក្នុងជំនួយសហប្រតិបត្តិការផ្សេងទៀតដល់ប្រទេសតង់ហ្សានី ។

លោក Omari បានថ្លែងថា ពួកគេគឺជាវីរបុរសពិតប្រាកដ ហើយតង់ហ្សានីនឹងចងចាំបងប្អូនជនជាតិចិនជានិច្ច ។

ការងារប្រចាំថ្ងៃរបស់លោក Omari ក៏រួមទាំងទទួលបដិសណ្ឋារកិច្ចមនុស្សមកពីជុំវិញពិភពលោកផងដែរ អ្នកខ្លះមកទីនេះជាពិសេស ដើម្បីគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ អ្នកផ្សេងទៀតមកជាពិសេស ដើម្បីឈ្វេងយល់អំពីប្រវត្តិសាស្ត្រមួយនេះ។ លោក Omari ថ្លែងថា ខ្ញុំនឹងពន្យល់ពួកគេអំពីប្រវត្តិផ្លូវដែកតង់ហ្សានី-ហ្សាំប៊ីនិងរឿងរ៉ាវរបស់បងប្អូនជនជាតិចិនដែលគាំទ្រតង់ហ្សានី"។

លោក Omari ថ្លែងថា ប្រទេសចិនចាត់ទុកតង់ហ្សានីថាជាមិត្តពិតប្រាកដ មិត្តភាពបែបនេះបានឆ្លងកាត់ព្យុះភ្លៀងនិងគង់វង្សស្ថិតស្ថេរជារៀងរហូត វានឹងបន្តនាំមកនូវកិច្ចសហប្រតិបត្តិការមិត្តភាពនិងផ្តល់ផលប្រយោជន៍កាន់តែច្រើនឡើងៗដល់ប្រជាជនរបស់ប្រទេសទាំងពីរ ៕

 

អ្នកបកប្រែ:王幸
ប្លុកពិសេស