ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិននឹងផ្តល់ផែនការចិនកាន់តែច្រើនដល់អភិបាលកិច្ចប្រព័ន្ធអេកូឡូស៊ីសកល
2024-08-29 10:56:00cri
Share with:



        ប៉ុន្មានថ្ងៃកន្លែងទៅនេះ ដំរីអាស៊ីដែលរស់នៅនៅតំបន់Xishuangbanna ខេត្តយូណាននៃប្រទេសចិនបានចេញដើរលេងជាក្រុម ។ ក្រោមកិច្ចការពារពីប៉ូលីសនិងអ្នកតាមដានត្រួតពិនិត្យតំបន់នោះ ដំរីចំនួន៤២ក្បាលបានដើរបណ្ដើរលេងបណ្ដើរ ចុងក្រោយបានត្រឡប់ទៅតំបន់អភិរក្សវិញ ។ រឿងរ៉ាវរបស់ក្រុមដំរីដែលបានត្រឡប់ទៅវិញដោយសុវត្ថិភាពម្តងហើយម្តងទៀត ធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណែតមានការចាប់អារម្មណ៍និងពិភាក្សាយ៉ាងក្ដៅគគុក ។ លោក Xiong Zhaoyong អនុប្រធានមជ្ឈមណ្ឌលគ្រប់គ្រងនិងអភិរក្សដំរីអាស៊ីនៃតំបន់Xishuangbanna បានថ្លែងថា ឆ្លងតាមរយៈកិច្ចខិតខំប្រឹងប្រែងពីភាគីជាច្រើន នៅតំបន់នោះ មនុស្សនិងដំរីបានរស់នៅដោយសុខដុមរមនាពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាជនបានអភិរក្សដំរីអាស៊ីដោយស្ម័គ្រចិត្ត ។

      នេះជាការឆ្លុះបញ្ចាំងមួយនៃការអភិរក្សអេកូឡូស៊ីរបស់ប្រទេសចិន ។ នៅប្រទេសចិន គំនិតអភិរក្សអេកូឡូស៊ីបានជ្រាបចូលទៅក្នុងក្រអៅដួងចិត្តរបស់ប្រជាជនរួចទៅហើយ ។ កិច្ចប្រជុំលើកទីបីនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ដែលបើកធ្វើនៅពេលថ្មីៗកន្លងទៅនេះបានធ្វើការចាត់ចែងរៀបចំជាពិសេសអំពីកំណែទម្រង់ប្រព័ន្ធច្បាប់អរិយធម៌អេកូឡូស៊ីឱ្យស៊ីជម្រៅ ដាក់ចេញនូវប្រព័ន្ធអភិបាលកិច្ចបរិស្ថានអេកូឡូស៊ីដ៏ល្អពេញលេញ និងពង្រឹងយន្តការសម្របសម្រួលការងារអភិរក្សជីវចម្រុះ ។ តាមពិតទៅ ការអភិរក្សបរិស្ថានអេកូឡូស៊ី គឺជាការការពារសមត្ថភាពផលិតកម្ម ការកែលម្អបរិស្ថានអេកូឡូស៊ីគឺជាការអភិវឌ្ឍសមត្ថភាពផលិតកម្ម ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស