ថ្ងៃទី ២៦ ខែសីហា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទកាសែតជាប្រចាំ។
ពេលឆ្លើយសំណួរអំពីការដែលនាវាហ្វីលីពីនបំពានចូលលំហសមុទ្រជុំវិញថ្មប៉ប្រះទឹក Xianbin របស់ចិន លោក Lin Jian បានថ្លែងថា ខ្ញុំសូមរំលឹកឡើងវិញថា ថ្មប៉ប្រះទឹក Xianbin ជាផ្នែកមួយនៃប្រជុំកោះ Nansha របស់ប្រទេសចិន។ កាលពីថ្ងៃទី ២៥ ខែសីហា នាវានៃរដ្ឋបាលធនធាននេសាទនិងជលផលហ្វីលីពីនមិនអើពើពីការប្រឆាំងយ៉ាងម៉ឺងម៉ាត់និងការដាស់តឿនហាមឃាត់ម្តងហើយម្តងទៀតពីសំណាក់ភាគីចិន ដោយទទូចបំពានចូលលំហសមុទ្រជុំវិញថ្មប៉ប្រះទឹក Xianbin នៃប្រជុំកោះ Nansha របស់ចិន និងបើកបំបុកនាវាឆ្មាំសមុទ្រចិនដែលកំពុងអនុវត្តច្បាប់នៅនឹងកន្លែងដោយចេតនា, ភាគីហ្វីលីពីនត្រូវទទួលខុសត្រូវចំពោះករណីដែលនាវាភាគីទាំងពីរបុកទង្គិចគ្នា ។ ឆ្មាំសមុទ្រចិនអនុលោមតាមច្បាប់ជាតិនិងច្បាប់អន្តរជាតិ បានចាត់ចំណាត់ការដ៏ចាំបាច់ចំពោះនាវាហ្វីលីពីន ការអនុវត្តច្បាប់ប្រកបដោយភាពជំនាញ ភាពអត់ធ្មត់ និងមានបទដ្ឋាន ។ មួយរយៈពេលកន្លងមក ភាគីហ្វីលីពីនបានបញ្ជូននាវាឆ្មាំសមុទ្រនិងនាវារដ្ឋបាលឱ្យបំពានចូលលំហសមុទ្រជុំវិញថ្មប៉ប្រះទឹក Xianbin ជាញឹកញាប់ ក្នុងគោលបំណងផ្គត់ផ្គង់សម្ភារៈចំពោះនាវាឆ្មាំសមុទ្រហ្វីលីពីនដែលបានទុកចោលដោយខុសច្បាប់អស់កាលជាយូរមកនៅថ្មប៉ប្រះទឹក Xianbin ដើម្បីប៉ុនប៉ងរយៈពេលយូរទៀត ។ ទង្វើហ្វីលីពីនបែបនេះបានបំពានអធិបតេយ្យភាពទឹកដីចិនយ៉ាងធ្ងន់ធ្ងរនិងបានល្មើសនឹង « សេចក្តីប្រកាសប្រតិបត្តិការនៃបណ្តាភាគីសមុទ្រចិនខាងត្បូង» យ៉ាងធ្ងន់ធ្ងរ បានបំផ្លាញសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូង។ ភាគីចិនដាស់តឿនភាគីហ្វីលីពីនឱ្យបញ្ឈប់រាល់ទង្វើរំលោភសិទ្ធិនិងបង្កហេតុភ្លាម និងដកនាវាទុកចោលនោះចេញភ្លាម។ ភាគីចិននឹងបន្តចាត់វិធានការតាមច្បាប់យ៉ាងម៉ឺតម៉ាត់ដើម្បីគាំពារអធិបតេយ្យភាពទឹកដីនិងសិទ្ធិសមុទ្ររបស់ខ្លួន និងគាំពារ «សេចក្តីប្រកាសប្រតិបត្តិការនៃបណ្តាភាគីសមុទ្រចិនខាងត្បូង» ៕