ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី យាងទៅពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន
2024-08-26 16:53:01cri
Share with:
នាព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ បានយាងទៅពិនិត្យព្រះរាជសុខភាព នៅសាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏បានអញ្ជើញចូលរួមថ្វាយព្រះរាជដំណើរ ព្រះអង្គទាំងទ្វេ ផងដែរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី ព្រមទាំង មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងរាជវង្សានុវង្ស បានថ្វាយព្រះរាជដំណើរ ព្រះអង្គទាំងទ្វេ។
ជុំវិញព្រះរាជដំណើររបស់ព្រះអង្គទាំងទ្វេ ទៅកាន់ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាពជាទៀងទាត់ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន នៅថ្ងៃចន្ទនេះ ថា «ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ ស្តេចយាងទៅពិនិត្យព្រះរាជសុខភាពនៅសាធារណរដ្ឋប្រជាមានិតចិនជាទៀងទាត់ ជាការរំលេចយ៉ាងច្បាស់ពីទំនាក់ទំនងជាប្រពៃណីដែលបានបន្តជាប់តាំងពីសម័យព្រះបរមរតនកោដ្ឋ ហើយក៏ជាគូសបញ្ជាក់ពីទំនាក់ទំនងយ៉ាងរឹងមាំស្ថិតស្ថេរជាអមតៈរវាងថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរ ដែលតែងបានផ្តល់ប្រយោជន៍ដល់ប្រជាជននិងប្រទេសយើងទាំងពីរជានិរន្តរ៍»។
សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ត្រូវបានគេដឹងថា តែងតែយាងទៅពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន ជាទៀងទាត់ រៀងរាល់ ៣ខែម្តង៕