លោក Gan Yu អ្នកនាំពាក្យនៃរដ្ឋបាលឆ្មាំសមុទ្រចិនបានថ្លែងថា ថ្ងៃទី ២៥ខែសីហា ហ្វីលីពីនទទូចចាត់បញ្ជូននាវាលេខ៣០០២បំពានចូលលំហសមុទ្រក្បែរថ្មប៉ប្រះទឹកXianbin នៃប្រជុំកោះNansha ដោយខុសច្បាប់ ដោយមិនអើពើនឹងការរាំងខ្ទប់និងការព្រមានរបស់ភាគីចិនម្តងហើយម្តងទៀត ។ ខណៈពេលនោះ នាវាលេខ៣០០២របស់ហ្វីលីពីនមិនអើពើនឹងការព្រមានយ៉ាងធ្ងន់ធ្ងររបស់ភាគីចិនជាច្រើនលើក ដោយបរចូលទៅជិតនិងបំបុកដោយចេតនានូវនាវាឆ្មាំសមុទ្រចិនលេខ២១៥៥១ ដែលកំពុងអនុវត្តច្បាប់ជាប្រក្រតី បណ្តាលឱ្យកើតមានករណីបំបុកគ្នា ភាគីហ្វីលីពីនត្រូវទទួលខុសត្រូវទាំងស្រុងចំពោះករណីលើកនេះ។ នាវាបង្ករឿងរបស់ហ្វីលីពីនបានផ្ទុកអ្នកសារព័ត៌មានថតរូបនិងវីដេអូ ក្នុងន័យឃោសនាបំប៉ោងនិងមួលបង្កាច់ការពិត ។
ប៉ុន្មានថ្ងៃចុងក្រោយនេះ ភាគីហ្វីលីពីនបានបង្ករឿងជាបន្តបន្ទាប់ មានចរិតអាក្រក់ខ្លាំងបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពទឹកដីចិន ល្មើសយ៉ាងធ្ងន់ធ្ងរនូវ«សេចក្តីប្រកាសប្រតិបត្តិនៃបណ្តាភាគីសមុទ្រចិនខាងត្បូង» ក៏ដូចជាបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ ។ ប្រទេសចិនសូមដាស់តឿនភាគីហ្វីលីពីនឱ្យបញ្ឈប់ភ្លាមនូវទង្វើរំលោភសិទ្ធិ បង្ករឿង មួលបង្កាច់និងឃោសនាបំប៉ោង បើពុំនោះសោទ ហ្វីលីពីនចាំបាច់ត្រូវរ៉ាប់រងផលវិបាកដ៏ធ្ងន់ធ្ងរទាំងអស់ដែលបណ្តាលមកពីរឿងនេះ ។ ឆ្មាំសមុទ្រចិននឹងធ្វើសកម្មភាពអនុវត្តច្បាប់នៅលំហសមុទ្រដែលគ្រប់គ្រងដោយប្រទេសចិន ដើម្បីគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាពទឹកដីនិងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន ៕