ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន៖ បងប្អូនជនរួមជាតិនៅត្រើយទាំងសងខាងច្រកសមុទ្រគួរចាត់ប្រតិបត្តិការជាក់ស្តែង ដើម្បីប្រឆាំងយ៉ាងដាច់ខាតចំពោះការបង្ករឿងនិងទង្វើប្រថុយប្រថានរបស់អាជ្ញាធរតៃវ៉ាន់របស់បុគ្គល វីលៀម ឡៃ
2024-08-24 11:33:53cri
Share with:

        ថ្ងៃទី ២៣ ខែសីហា ពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មាន លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានថ្លែងថា  “ការចង់ឱ្យតៃវ៉ាន់ឯករាជ្យ”និងសន្តិភាពនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ ដូចទឹកនិងភ្លើងដែលមិនមានភាពឆបគ្នានោះទេ។ អាជ្ញាធរតៃវ៉ាន់របស់បុគ្គល វីលៀម ឡៃ ទទូចធ្វើអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ គឺជាការគំរាមកំហែងធំបំផុតចំពោះសន្តិភាពនិងស្ថិរភាពនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ និងប្រភពនៃគ្រោះចង្រៃដែលបណ្តាលឱ្យតំបន់ច្រកសមុទ្រតៃវ៉ាន់មានគ្រោះថ្នាក់ផ្ទុះសង្រ្គាម ធ្វើឱ្យសង្គមកោះតៃវ៉ាន់មានភាពប្រេះស្រាំនិងបដិបក្ខគ្នា ក៏ដូចជាបណ្តាលឱ្យផលប្រយោជន៍របស់ប្រជាជនរងការខូចខាតផងដែរ ។  បងប្អូនជនរួមជាតិនៅត្រើយទាំងសងខាងច្រកសមុទ្រគួរសាមគ្គីគ្នានិងចាត់ប្រតិបត្តិការជាក់ស្តែង ដើម្បីប្រឆាំងយ៉ាងដាច់ខាតចំពោះការបង្ករឿងនិងទង្វើប្រថុយប្រថានរបស់អាជ្ញាធរតៃវ៉ាន់ ក៏ដូចជាគាំពារសន្តិភាពនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ និងធ្វើឱ្យប្រជាជនមានជីវភាពរស់នៅប្រកបដោយភាពសុខសាន្តត្រាន

      លោកស្រី Zhu Fenglian បានលើកឡើងថា អាជ្ញាធរតៃវ៉ាន់របស់បុគ្គល វីលៀម ឡៃ ខំប្រឹងឃោសនាបំប៉ោងពីអ្វីដែលហៅថា “ការគំរាមកំហែងរបស់ចិន”  យកប្រាក់ចំណូលជាញើសឈាមរបស់ប្រជាពលរដ្ឋតៃវ៉ាន់ដែលរកបានដោយមិនងាយនោះទៅទិញអាវុធតាមទំនើងចិត្ត ប៉ុនប៉ងចាប់ចងតៃវ៉ាន់ឱ្យជាប់ទៅនឹងរថពាសសង្គ្រាម “តៃវ៉ាន់ឯករាជ្យ” ប៉ុន្តែ បែរជានិយាយបានតែមាត់ថា ចង់ឱ្យត្រើយខាងសងខាងច្រកសមុទ្រមានសន្តិភាពនិងវឌ្ឍនភាព ប្រការនេះបានលាតត្រដាងជាថ្មីម្តងទៀតនូវមុខមាត់លាក់ពុតនិងធាតុពិតដ៏អាក្រក់របស់អាជ្ញាធរតៃវ៉ាន់ ដែលបាន “ប្រើកម្លាំងបាយចង់ឱ្យតៃវ៉ាន់ឯករាជ្យ និង“ពឹងផ្អែកលើបរទេសដើម្បីប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យដោយជ្រកក្រោមស្លាកសន្តិភាព ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស