ថ្ងៃទី ២០ ខែសីហា គណៈកម្មាធិការសហភាពអឺរ៉ុបបានចេញផ្សាយសេចក្តីត្រៀមប្រកាសអំពីការកាត់ក្តីចុងក្រោយស្តីពីការស៊ើបអង្កេតចំពោះករណីប្រឆាំងឧបត្ថម្ភកធននៃរថយន្តដើរដោយថាមពលអគ្គិសនីរបស់ប្រទេសចិន ។ សំដៅចំពោះករណីដែលគណៈកម្មាធិការសហភាពអឺរ៉ុបបានទទូចដំឡើងពន្ធគយទៅលើរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិន គ្រប់មជ្ឈដ្ឋានរបស់អឺរ៉ុបបានបញ្ចេញសំឡេងប្រឆាំងជាបន្តបន្ទាប់ ដោយសម្គាល់ឃើញថា ទង្វើនេះមិនត្រឹមតែនឹងបំផ្លាញដល់ផលប្រយោជន៍របស់អ្នកប្រើប្រាស់សហភាពអឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងក៍នឹងរារាំងការធ្វើបរិវត្តកម្មបៃតងរបស់អឺរ៉ុបនិងកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងអឺរ៉ុបនិងចិនផងដែរ ។
សមាគមឧស្សាហកម្មរថយន្តរបស់ប្រទេសឆែកបានចេញផ្សាយសេចក្តីថ្លែងការណ៍ថា ការដំឡើងពន្ធគយបានផ្ទុយនឹងចរន្តយុគសម័យ ។ បើគ្រាន់តែពឹងផ្អែកលើការដំឡើងពន្ធគយ វាមិនអាចដោះស្រាយបញ្ហាដែលឧស្សាហកម្មរថយន្តអឺរ៉ុបកំពុងប្រឈមមុខនោះទេ ។ សហភាពអឺរ៉ុបគួរគ្រោងយុទ្ធសាស្ត្រឧស្សាហកម្មពាក់ព័ន្ធ កែលម្អបរិយាកាសប្រកបអាជីវកម្មជាទូទៅ ជំរុញការច្នៃប្រឌិតថ្មីលើវិស័យមុខរបររថយន្ត ដើម្បីលើកកម្ពស់កម្លាំងប្រកួតប្រជែងក្នុងទីផ្សារ ។
ឥស្សរជនក្នុងមុខរបររថយន្តបានថ្លែងថា វិធានការជាឯកតោភាគីរបស់អឺរ៉ុបមិនមែនជាគម្រោងដោះស្រាយទេ ហើយនឹងបំផ្លាញដល់ផលប្រយោជន៍របស់សហគ្រាសផលិតរថយន្តនិងអ្នកប្រើប្រាស់របស់អឺរ៉ុបទៀតផង ។ នៅប្រទេសអេស្តូនី ពាណិជ្ជកររថយន្តបានយល់ឃើញជាទូទៅថា សេចក្តីសម្រេចចិត្តរបស់សហភាពអឺរ៉ុបនេះ នឹងមិនជះឥទ្ធិពលវិជ្ជមានចំពោះការលក់ដូររថយន្តនោះទេ វាគ្រាន់តែនឹងបណ្តាលឱ្យរថយន្តអគ្គិសនីឡើងថ្លៃ ហើយនឹងបំផ្លាញដល់ផលប្រយោជន៍របស់អ្នកប្រើប្រាស់របស់អឺរ៉ុបទៀតផង ។
ខណៈពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក Michael Schumann ប្រធានសមាគមអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសអាល្លឺម៉ង់បានថ្លែងថា “ទង្វើរបស់សហភាពអឺរ៉ុប ជាំសេចក្តីសម្រេចចិត្តដ៏ខុសឆ្គង ។” លោកបានលើកឡើងថា ប្រទេសចិនបានក្លាយជាកម្លាំងចលករថ្មីក្នុងការច្នៃប្រឌិតថ្មីលើវិស័យគមនាគមន៍ដើរដោយថាមពលអគ្គិសនីរួចទៅហើយ ដែលបានដើរតួនាទីដ៏សំខាន់ក្នុងការធ្វើបរិវត្តកម្មបៃតងនិងកាបូនទាបលើវិស័យគមនាគមន៍នៅទូទាំងពិភពលោក ។ ទង្វើរបស់សហភាពអឺរ៉ុបនឹងរារាំងកិច្ចសហប្រតិបតិ្តការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ហើយគ្មានអំណោយផលដល់ការធ្វើបរិវត្តកម្មបៃតងនិងការបូនទាប ៕