២ឆ្នាំបន្ទាប់ពីហេតុការណ៍បំផ្ទុះបំពង់បង្ហូរឧស្ម័នNord Stream ប៉ុន្មានថ្ងៃមុននេះ ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់និងអាមេរិក ស្រាប់តែបង្ហើបព័ត៌មានថា ការស៊ើបអង្កេតចុងក្រោយបង្ហាញថា សកម្មភាពបំផ្លាញនេះគឺធ្វើឡើងដោយក្រុមប្រដាប់អាវុធអ៊ុយក្រែន។ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានផ្សាយដំណឹងថា ភាគីអយ្យការអាល្លឺម៉ង់ធ្លាប់បានចេញ"ដីកាចាប់ខ្លួនអឺរ៉ុប"នៅខែមិថុនា ដោយទាមទារឱ្យប៉ូឡូញជួយចាប់ជនជាប់សង្ស័យអ៊ុយក្រែនម្នាក់។ប៉ុន្តែភាគីអយ្យការប៉ូឡូញបានថ្លែងថា ជនជាប់សង្ស័យរូបនេះបានចាកចេញពីប្រទេសប៉ូឡូញនិងត្រឡប់ទៅអ៊ុយក្រែនវិញហើយនៅដើមខែកក្កដា។
ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានដកស្រង់សម្តីរបស់លោកHanningអតីតអ្នកទទួលខុសត្រូវនៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាល្លឺម៉ង់ថា លោកយល់ឃើញថា ការដែលអ៊ុយក្រែនវាយប្រហារបំពង់បង្ហូរឧស្ម័នNord Streamគឺទទួលបានការគាំទ្រពីប៉ូឡូញ ហើយអាល្លឺម៉ង់គួរតែគិតពិចារណាទាមទារសំណងពីប្រទេសទាំងពីរនេះ។ទង្វើនេះបានបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីភាគីប៉ូឡូញ ហើយបណ្តាលឱ្យកើតមានភាពតានតឹងរវាងអាល្លឺម៉ង់និងប៉ូឡូញ។
ថ្ងៃទី១៩ខែសីហា លោកLavrovរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍អំពីហេតុការណ៍បំផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ"Nord Stream"ថា វាច្បាស់ណាស់ដែលថា អ្នកចេញបទបញ្ជាឱ្យធ្វើការវាយប្រហារភេរវកម្មដោយទ្រង់ទ្រាយធំបែបនេះ គឺថ្នាក់ដឹកនាំកំពូលរបស់ប្រទេសលោកខាងលិច ពោលគឺក្រុងវ៉ាស៊ីនតោន៕