កាលពីថ្ងៃទី២០ខែសីហាឆ្នាំ២០២៤ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាជាមួយលោកស្រី Julie Bishop បេសកជនពិសេសទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ារបស់អគ្គលេខាធិការអង្គការសហប្រជាជាតិនៅក្រុងប៉េកាំង ។
លោក Wang Yi បានថ្លែងថា អំពីបញ្ហាមីយ៉ាន់ម៉ា ភាគីចិនប្រកាន់ខ្ជាប់ការគោរពអធិបតេយ្យភាព ឯករាជ្យភាព ការបង្រួបបង្រួមជាតិនិងបូរណភាពទឹកដីរបស់មីយ៉ាន់ម៉ា ប្រកាន់ខ្ជាប់ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ប្រកាន់ខ្ជាប់ដំណើរការសន្តិភាពដែលជារបស់ប្រជាជនមីយ៉ាន់ម៉ានិងដឹកនាំដោយប្រជាជនមីយ៉ាន់ម៉ា ។ ចិនគាំទ្រអាស៊ានដើរតួនាទីសំខាន់ ហើយរំពឹងថា “គំនិតឯកភាពរួម៥ចំណុច”របស់អាស៊ានដែលពាក់ព័ន្ធនឹងមីយ៉ាន់ម៉ានិង “ផែនការគោល៥ចំណុច”ថ្មីរបស់ភាគីមីយ៉ាន់ម៉ាអាចជំរុញគ្នាទៅវិញទៅមកនិងទទួលបានការអនុវត្តជាក់ស្តែងប្រកបដោយប្រសិទ្ធភាព ។
លោក Wang Yi បានថ្លែងទៀតថា ភាគីចិនរីករាយផ្តល់ការគាំទ្រលោកស្រីក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ដើម្បីដើរតួនាទីមានលក្ខណៈស្ថាបនាសម្រាប់មីយ៉ាន់ម៉ាសម្រេចបាននូវការផ្សះផ្សាខាងនយោបាយនិងសន្តិសុខនិងស្ថិរភាពយូរអង្វែង ។
លោកស្រី Julie Bishop បានថ្លែងថា រីករាយរក្សាការផ្លាស់ប្តូរនិងបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីចិននិងអាស៊ាន ខិតខំប្រឹងប្រែងស្វែងរកគំនិតឯកភាពរួមអំពីការដោះស្រាយបញ្ហាមីយ៉ាន់ម៉ាឱ្យបានសមរម្យ ដើម្បីបញ្ឈប់ការប៉ះទង្គិចនិងបន្ធូរបន្ថយស្ថានការណ៍មនុស្សធម៌ក្នុងពេលឆាប់ៗ ក៏ដូចជាសម្រេចបាននូវសន្តិភាពនិងវិបុលភាពយូរអង្វែងដែលដឹកនាំដោយប្រជាជនមីយ៉ាន់ម៉ា ៕