មហាសន្និបាតអាណិកជនចិននិងជនជាតិចិនសញ្ជាតិបរទេសនៅទូទាំងពិភពលោកដើម្បីជំរុញការបង្រួបបង្រួមប្រទេសចិនដោយសន្តិភាពឆ្នាំ២០២៤បានបើកធ្វើនៅក្រុងហុងកុងនៅថ្ងៃទី ២០ ខែសីហា ។ លោក Wang Huning សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានផ្ញើសារលិខិត ដើម្បីសម្តែងការអបអរសាទរយ៉ាងរាក់ទាក់កក់ក្តៅចំពោះការបើកធ្វើមហាសន្និបាត ។
ថ្លែងក្នុងសារលិខិត លោក Wang Huning បានលើកឡើងថា ក្នុងរយៈពេលជាយូរកន្លងមក បងប្អូនជនរួមជាតិនៅតំបន់រដ្ឋបាលពិសេសហុងកុងនិងម៉ាកាវ បងប្អូនជនរួមជាតិតៃវ៉ាន់និងអាណិកជនចិនទាំងឡាយនៅឯនាយសមុទ្រ បានប្រកាន់ខ្ជាប់មហាសច្ចភាពនៃជនជាតិ ចូលរួមយ៉ាងសកម្មនូវចលនាប្រឆាំង “តៃវ៉ាន់ឯករាជ្យ”និងជំរុញការបង្រួបបង្រួមជាតិ ដែលបានរួមចំណែកយ៉ាងសកម្មដល់ការជំរុញការផ្លាស់ប្តូរនិងភាពរួមបញ្ចូលគ្នាលើគ្រប់វិស័យរវាងត្រើយទាំងសងខាង ជំរុញឱ្យសហគមន៍អន្តរជាតិប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយ និងជំរុញដំណើរការបង្រួបបង្រួមជាតិដោយសន្តិភាពរបស់មាតុប្រទេស ។ ជានិច្ចកាល ប្រទេសជាតិមួយដែលមានភាពខ្លាំងក្លានិងឯកភាព គឺពាក់ព័ន្ធដល់ជោគវាសនារបស់កូនចៅចិនទាំងអស់ ក្នុងនោះក៏បូករួមទាំងបងប្អូនជនរួមជាតិតៃវ៉ាន់ផងដែរ ។ រំពឹងទុកថា បងប្អូនជនរួមជាតិនៅតំបន់រដ្ឋបាលពិសេសហុងកុងនិងម៉ាកាវ បងប្អូនជនរួមជាតិតៃវ៉ាន់និងអាណិកជនចិនទាំងឡាយនៅឯនាយសមុទ្រអាចក្តាប់ជាប់និន្នាការប្រវត្តិសាស្ត្រ ប្រកាន់ខ្ជាប់មហាសច្ចភាពនៃជនជាតិ រួមគ្នាប្រឆាំង “តៃវ៉ាន់ឯករាជ្យ”និងជំរុញការបង្រួបបង្រួមជាតិ ក្តាប់ជោគវាសនារបស់ជនជាតិចិនក្នុងដៃរបស់ប្រជាជនចិន រួមគ្នាបង្កើតអនាគតដ៏ល្អបវរនៃការបង្រួបបង្រួមរបស់មាតុប្រទេស ក៏ដូចជារួមគ្នាចែករំលែកភាពត្រចះត្រចង់ដ៏មហិមានៃការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ ៕