នៅរសៀលថ្ងៃទី២០ ខែសីហា នៅវិមានសភាប្រជាជនក្រុងប៉េកាំង លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានជួបសំណេះសំណាលជាមួយសមាជិកទាំងអស់នៃគណៈប្រតិភូកីឡាចិនដែលចូលរួមការប្រកួតកីឡាអូឡាំពិករដូវក្តៅលើកទី៣៣ ។ លោកបានតាងនាមមជ្ឈិមបក្សនិងក្រុមប្រឹក្សាកិច្ចការរដ្ឋចិនសម្តែងការស្វាគមន៍ចំពោះការវិលត្រឡប់មកវិញរបស់គណៈប្រតិភូ ហើយបានសម្តែងការជូនពរយ៉ាងកក់ក្តៅនិងការសួរសុខទុក្ខយ៉ាងស្មោះចំពោះអ្នកទាំងអស់គ្នា ។
លោក Xi Jinpingបានថ្លែងថា សមិទ្ធផលដ៏ឆ្នើមរបស់គណៈប្រតិភូកីឡាចិន បានបង្ហាញពីការរីកចម្រើននៃបុព្វហេតុកីឡារបស់ប្រទេសចិនផង ហើយក៏ជាការឆ្លុះបញ្ចាំងនៃសមិទ្ធផលក្នុងកិច្ចកសាងទំនើបកម្មតាមបែបផែនចិនផងដែរ ដែលបានបង្ហាញយ៉ាងពេញលេញនូវកម្លាំងរបស់ប្រទេសចិនក្នុងយុគសម័យថ្មី ។ ហេតុអ្វីបានជាប្រទេសចិនអាចក្លាយជាប្រទេសធំខាងវិស័យកីឡា និងជាប្រទេសខ្លាំងខាងកីឡាអូឡាំពិកនៅលើពិភពលោក គឺដោយមកពីកម្លាំងជាតិចម្រុះរបស់យើងបានកើនឡើងជាបន្តបន្ទាប់ ដែលបានផ្តល់ការទ្រទ្រង់ខាងបច្ចេកទេសជឿនលឿននិងការធានាយ៉ាងរឹងមាំខាងសម្ភារៈដល់ការហ្វឹកហាត់ផ្នែកកីឡា ហើយក៏បានបង្កបរិយាកាសដ៏ល្អប្រសើរនិងបង្កើតជាមូលដ្ឋានប្រជាជនយ៉ាងទូលំទូលាយសម្រាប់បណ្តុះបណ្តាលធនធានមនុស្សខាងវិស័យកីឡាផងដែរ ។ ក្នុងយុគសម័យថ្មីនិងដំណើរថ្មី ប្រទេសចិនបានជំរុញកិច្ចកសាងប្រទេសខ្លាំងក្លាដោយគ្រប់ជ្រុងជ្រោយ និងបុព្វហេតុស្តារភាពរុងរឿងរបស់ប្រទេសជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ប្រការនេះមុខជានឹងផ្តល់លក្ខណសម្បតិ្តកាន់តែល្អ និងបំពេញបន្ថែមកម្លាំងចលករកាន់តែខ្លាំងដល់ការអភិវឌ្ឍបុព្វហេតុកីឡារបស់ប្រទេសចិន ៕