ព្រឹកថ្ងៃទី ១៩ ខែសីហា នៅវិមានសភាប្រជាជនចិន លោកស្រី Peng Liyuan ភរិយារបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិន បានជួបសំណេះសំណាលជាមួយលោកស្រី Ngo Thi Phuong Ly ភរិយារបស់លោក Tô Lâm អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តវៀតណាមនិងប្រធានរដ្ឋវៀតណាមដែលអមដំណើរលោក Tô Lâm បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ។
លោកស្រី Peng Liyuan បានថ្លែងថា ប្រទេសទាំងពីរចិននិងវៀតណាមមានវប្បធម៌ប្រហាក់ប្រហែលគ្នាទាំងផ្នែកអក្សរសាស្ត្រ សិល្បៈនិងម្ហូបអាហារជាដើម រំពឹងទុកថាភាគីទាំងពីរអាចបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការ ធ្វើការស្វែងយល់ពីគ្នាឱ្យកាន់តែស៊ីជម្រៅ ក្នុងន័យជំរុញការអភិវឌ្ឍបុព្វហេតុមេត្រីភាពរវាងចិននិងវៀតណាម ។ ប្រទេសវៀតណាមទទួលបានសមិទ្ធផលដ៏សំខាន់លើវិស័យអភិវឌ្ឍកិច្ចការនារី ក្នុងនោះបូករួមទាំងការអប់រំរបស់កុមារីនិងស្រ្តី ភាគីយើងទាំងពីរអាចបង្កើនការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាក្នុងវិស័យនេះ ។ ភាគីយើងទាំងពីរគួរតែលើកទឹកចិត្តដល់យុវជននៃប្រទេសយើងទាំងពីរឱ្យរៀនសូត្រភាសារបស់គូភាគី ដើម្បីបង្កើនមនោសញ្ចេតនាដ៏មេត្រីភាព ។
ជាការឆ្លើយតប លោកស្រី Ngo Thi Phuong Ly បានថ្លែងថា នាងខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវប្បធម៌ចិនដ៍អស្ចារ្យ រំពឹងទុកថាភាគីទាំងពីរវៀតណាមនិងចិនអាចបង្កើនការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាឥតឈប់ឈរ ។ ភាគីយើងទាំងពីរគួរតែជំរុញការប្រាស្រ័យទាក់ទងរវាងស្ត្រីនិងយុវជនថែមមួយកម្រិតទៀត ដើម្បីបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក និងបង្កើនមេត្រីភាពរវាងប្រជាជននិងប្រជាជន ៕