ព្រឹកថ្ងៃទី១៩ខែសីហា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Tô Lâm អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនិងជាប្រធានរដ្ឋវៀតណាមដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិននៅវិមានសភាប្រជាជននៅក្រុងប៉េកាំង ៕
លោក Xi Jinping បានថ្លែងថា លោកបានតាំងទុកប្រទេសចិនជាគោលដៅទស្សនកិច្ចលើកដំបូងបន្ទាប់ពីឡើងកាន់មុខតំណែងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នេះបានបង្ហាញយ៉ាងពេញលេញថា លោកបានយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ ហើយក៏បានបង្ហាញពីកម្រិតខ្ពស់និងលក្ខណៈយុទ្ធសាស្ត្រនៃទំនាក់ទំនងរវាងចិននិងវៀតណាមដែរ ។ ភាគីចិនចាត់ទុកវៀតណាមជាអាទិភាពមួយនៃកិច្ចការទូតរបស់ប្រទេសចិនជាមួយប្រទេសជិតខាងជាប់រហូតមក គាំទ្រវៀតណាមប្រកាន់ខ្ជាប់ការដឹកនាំនៃបក្សកុម្មុយនីស្ត ដើរតាមផ្លូវសង្គមនិយមដែលសមស្របនឹងសភាពការណ៍នៃប្រទេសខ្លួន ដើម្បីជំរុញបុព្វហេតុកំណែទម្រង់ បើកទូលាយនិងទំនើបកម្មសង្គមនិយមយ៉ាងស៊ីជម្រៅ ។
លោក Xi Jinping បានលើកឡើងទៀតថា បក្សទាំងពីររបស់ចិននិងវៀតណាមគួរប្រកាន់ខ្ជាប់បំណងដើមដែលមានមេត្រីភាព បន្តវេនមិត្តភាពប្រពៃណី ប្រកាន់ខ្ជាប់ការដឹកនាំដោយបក្សកុម្មុយនីស្តនិងរបបសង្គមនិយម បន្តជំរុញឱ្យស៊ីជម្រៅនូវការកសាងសហគមន៍រួមវាសនាចិននិងវៀតណាមដែលប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍបុព្វហេតុសង្គមនិយមពិភពលោក ហើយជឿជាក់ថា ផ្លូវរបស់យើងនឹងកាន់តែធំទូលាយជាមិនខាន ៕