រសៀលថ្ងៃទី១៨ខែសីហា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារជាមួយលោក Sitiveni Rabuka នាយករដ្ឋមន្ត្រីហ្វ៊ីជីដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិននៅវិមានសភាប្រជាជននៅក្រុងប៉េកាំង ។
លោក Li Qiang បានថ្លែងថា ហ្វ៊ីជីជាប្រទេសកោះប៉ាស៊ីហ្វិកទីមួយដែលបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន ភាគីចិនរីករាយរួមជាមួយភាគីហ្វ៊ីជីដោយចាត់ទុកខួបទី៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំ២០២៥ជាឱកាសមួយ ដើម្បីអនុវត្តជាក់ស្តែងនូវគំនិតឯកភាពរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បង្កើនការប្រាស្រ័យទាក់ទងរវាងថ្នាក់ដឹកនាំកំពូលនិងគ្រប់ស្រទាប់ជាន់ថ្នាក់ ជំរុញឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងហ្វ៊ីជីអភិវឌ្ឍទៅមុខប្រកបដោយភាពល្អប្រសើរនិងមានស្ថិរភាព ដើម្បីផ្តល់ផលប្រយោជន៍កាន់តែល្អប្រសើរដល់ប្រជាជននៃប្រទេសទាំងពីរ ។
លោក Li Qiang បានលើកឡើងថា ភាគីទាំងពីរគួរតែបញ្ចេញឧត្តមភាពបំពេញបន្ថែមគ្នាថែមទៀត ធ្វើឱ្យកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជាហេដ្ឋារចនាសម្ព័ន្ធ កសិកម្មនិងនេសាទ ឧស្សាហកម្មធុនស្រាល អប់រំ ទេសចរណ៍និងការកាត់បន្ថយភាពក្រីក្រជាដើមក្រោមក្របខ័ណ្ឌរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ ដើម្បីជំរុញការអភិវឌ្ឍរួម ។
ជាការឆ្លើយតប លោក Sitiveni Rabuka បានថ្លែងថា ភាគីហ្វ៊ីជីគោរពតាមគោលការណ៍ចិនតែមួយយ៉ាងមុតមាំ គាំទ្រគំនិតផ្តួចផ្តើមដ៏សំខាន់ដូចជាការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលជាដើម រីករាយរួមជាមួយភាគីចិនធ្វើឱ្យកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ កសិកម្មនិងនេសាទ ទេសចរណ៍និងការតភ្ជាប់គ្នាជាដើមមានភាពកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត ក៏ដូចជាត្រួសត្រាយអនាគតថ្មីដ៏ទូលំទូលាយសម្រាប់ទំនាក់ទំនងភាពជាដៃគូរវាងហ្វ៊ីជីនិងចិន ។ ភាគីហ្វ៊ីជីរីករាយបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការជាមួយភាគីចិន ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសកោះប៉ាស៊ីហ្វិកនិងចិន ដើម្បីសម្រេចបាននូវ《យុទ្ធសាស្ត្រឆ្នាំ២០៥០នៃមហាសមុទ្រប៉ាស៊ីហ្វិកពណ៌ខៀវ》 ៕