កិច្ចចរចាស្តីពីការឈប់បាញ់នៅតំបន់ហ្កាហ្សាត្រូវបានផ្អាកនៅថ្ងៃទី១៦ខែសីហា ហើយនឹងរៀបចំឡើងវិញនៅសប្តាហ៍ក្រោយក្នុងក្រុងគែរ រដ្ឋធានីប្រទេសអេហ្ស៊ីប។ ទាក់ទងនឹងការចរចាស្តីពីការឈប់បាញ់ជុំនេះ ភាគីពាក់ព័ន្ធនានាបានបញ្ចេញមតិផ្សេងៗគ្នា៖ ចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស) ប្រឆាំងនឹង"លក្ខខណ្ឌថ្មី" ដែលស្នើឡើងដោយអ៊ីស្រាអែល ឯអ៊ីស្រាអែលបានស្នើសុំឱ្យអ្នកជួយសម្របសម្រួលដាក់សម្ពាធលើក្រុមហាម៉ាស ដើម្បីបង្ខំឱ្យហាម៉ាសទទួលយកផែនការឈប់បាញ់ សហរដ្ឋអាមេរិកបានបង្ហាញសុទិដ្ឋិនិយមយ៉ាងមធ្យ័ត។
សហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប ដែលជាអ្នកសម្របសម្រួលនៃការចរចាបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមនៅថ្ងៃទី ១៦ ខែសីហាថា នៅថ្ងៃដដែលនោះ សហរដ្ឋអាមេរិកបានដាក់ជូនផែនការថ្មីមួយដោយផ្អែកលើចំណុចសំខាន់នៃផែនការមុន។ ផែនការថ្មីនេះនឹងជួយដោះស្រាយការខ្វែងគំនិតគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ហើយនឹងជំរុញភាគីទាំងពីរឱ្យអនុវត្តគំនិតឯកភាពរួមពាក់ព័ន្ធបានយ៉ាងឆាប់រហ័ស បន្ទាប់ពីឈានដល់កិច្ចព្រមព្រៀងឈប់បាញ់។
អ្នកចូលរួមក្នុងការចរចាលើកនេះ រួមមានអ្នកចរចាមកពីអ៊ីស្រាអែល សហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប ក្រុមហាម៉ាសមិនបានចាត់បញ្ជូនតំណាងទៅចូលរួមក្នុងកិច្ចចរចាទេ ហើយក្រុមហាម៉ាស់បានសម្ដែងការប្រឆាំងនឹង«លក្ខខណ្ឌថ្មី» ដែលអ៊ីស្រាអែលបានស្នើឡើងក្នុងកិច្ចចរចាជុំនេះ។