ក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី ១៥ ខែសីហា មានអ្នកយកព័ត៌មានបានសួរថា៖តាមការផ្សាយដំណឹងឱ្យដឹងថា នៅថ្ងៃទី ១៥ ខែសីហា លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានយកគ្រឿងសំណែនទៅសែនស្តូប Yasukuni ក្នុងនាមជាប្រធានគណបក្សសេរីប្រជាធិបតេយ្យ។ តើភាគីចិនមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ?
លោក Lin Jian បានឆ្លើយថា នៅថ្ងៃទី ១៥ ខែសីហា កាលពី ៧៩ ឆ្នាំមុន ប្រទេសជប៉ុនបានទទួលយកសេចក្តីប្រកាស Potsdam ហើយបានប្រកាសចុះចាញ់ដោយគ្មានលក្ខខណ្ឌ។ ប្រជាជនចិនរួមជាមួយប្រជាជនពិភពលោកបានយកឈ្នះពីការឈ្លានពានរបស់ពួកយោធានិយមជប៉ុន និងពួកហ្វាស៊ីសនិយម ហើយទទួលបានជ័យជម្នះដ៏អស្ចារ្យ។ ស្តូប Yasukuni គឺជាឧបករណ៍ខាងវិញ្ញាណ និងជានិមិត្តសញ្ញានៃយោធានិយមជប៉ុនដែលបំផុសសង្រ្គាមឈ្លានពានបរទេស។ ប្រទេសចិនដាស់តឿនឱ្យជប៉ុនគោរពយ៉ាងប្រាកដប្រជានូវការបង្ហាញអាកប្បកិរិយានិងការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីប្រឈមមុខ និងគិតពិចារណាពីទោសកំហុសនៃប្រវត្តិសាស្ត្រឈ្លានពានរបស់ខ្លួន ហើយប្រកាន់អាកប្បកិរិយាយ៉ាងមធ្យ័តចំពោះការប្រើពាក្យសម្ដីនិងទង្វើរបស់ខ្លួនលើបញ្ហាប្រវត្តិសាស្ត្រដូចជាករណីស្តូប Yasukuniជាដើម កាត់ផ្តាច់ទាំងស្រុងពីយោធានិយម ប្រកាន់ខ្ជាប់នូវការដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិភាព ក៏ដូចជាធ្វើសកម្មភាពជាក់ស្តែងដើម្បីទទួលបានទំនុកចិត្តពីប្រទេសជិតខាងនៅអាស៊ី និងសហគមន៍អន្តរជាតិ ៕