ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែសីហា លោកស្រី Shen Yiqin សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានទៅបំពេញទស្សនកិច្ចនៅប្រទេសស៊ែប៊ី និងបានជួបពិភាក្សាជាមួយលោក Vucic ប្រធានាធិបតីស៊ែប៊ី ។
ថ្លែងក្នុងកិច្ចជំនួប លោក Vucic បានផ្តាំផ្ញើលោកស្រី Shen Yiqin ឱ្យជួយពាំនាំនូវការសួរសុខទុក្ខយ៉ាងស្មោះរបស់លោកជូនចំពោះលោកប្រធានរដ្ឋចិន Xi Jinping។ លោកបានថ្លែងថា ដំណើរទស្សនកិច្ចប្រកបដោយភាពជោគជ័យរបស់លោកប្រធានរដ្ឋចិន Xi Jinping នៅប្រទេសស៊ែប៊ីកាលពីខែឧសភាឆ្នាំ២០២៤កន្លងទៅ បានលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ប្រទេសស៊ែប៊ីយកចិត្តទុកដាក់និងថែរក្សាចំណងមិត្តភាពរវាងស៊ែប៊ីនិងចិន ហើយមានឆន្ទៈរួមជាមួយប្រទេសចិនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យយ៉ាងស៊ីជម្រៅ ក្នុងនោះរួមទាំងកិច្ចសហប្រតិបត្តិការផ្នែកកីឡាផងដែរ ដើម្បីទទួលបានការអភិវឌ្ឍរួម នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
លោកស្រី Shen Yiqin បានពាំនាំនូវការសួរសុខទុក្ខយ៉ាងស្និទ្ធស្នាលរបស់លោកប្រធានរដ្ឋចិន Xi Jinping ជូនចំពោះលោកប្រធានាធិបតី Vucic និងការសួរសុខទុក្ខរបស់លោក Li Qiang នាយករដ្ឋមន្រ្តីចិនជូនចំពោះលោក Vucevic នាយករដ្ឋមន្រ្តីស៊ែប៊ី ។ លោកស្រីបានថ្លែងថា ប្រទេសចិននឹងបន្តធ្វើការជាមួយប្រទេសស៊ែប៊ី ដើម្បីអនុវត្តគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រប្រទេសទាំងពីរ ដោយផ្តោតលើការជំរុញការកសាងសហគមន៍រួមវាសនារវាងចិននិងស៊ែប៊ី ក្នុងយុគសម័យថ្មី។
សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកស្រី Shen Yiqin បានទៅទស្សនានិងស្វែងយល់យ៉ាងស៊ីជម្រៅអំពីការអភិវឌ្ឍវិស័យកីឡានៅក្នុងប្រទេសស៊ែប៊ី ជាពិសេសប្រព័ន្ធបណ្តុះបណ្តាលយុវជននិងការប្រកួត "កីឡាសំខាន់ទាំងបី" ពោលគឺបាល់ទាត់ បាល់បោះ និងបាល់ទះ៕