កាលពីថ្ងៃទី ១២ ខែសីហា តាមម៉ោងក្រុងប៉េកាំង ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ បានបិទបញ្ចប់ ។ ថ្វីត្បិតតែការប្រកួតវិញ្ញាសានៅលើឆាកប្រកួតកីឡាបានបញ្ចប់ក្តី ក៏ប៉ុន្តែការប្រយុទ្ធដើម្បីគាំពារស្មារតីនៃកីឡានៅតែដំណើរការដដែល ហើយរឿងអាស្រូវអំពីសារធាតុជំនួយកម្លាំងនៅក្នុងសហរដ្ឋអាមេរិកបន្តឡើងកម្តៅទៀតផង ។
នៅយប់ថ្ងៃទី ៧ ខែសីហានេះ តាមម៉ោងក្នុងតំបន់ អង្គការប្រឆាំងដូប៉ាពិភពលោក(WADA)បានចេញផ្សាយសេចក្តីថ្លែងការណ៍ថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ទីភ្នាក់ងារអាមេរិកប្រឆាំងដូប៉ា(USADA)បានអនុញ្ញាតឱ្យកីឡាករប្រទេសខ្លួនដែលបានប្រើប្រាស់សារធាតុជំនួយកម្លាំងចូលរួមការប្រកួតដែលក្នុងនោះមានករណីយ៉ាងហោចណាស់មួយលើកដែលមិនបានប្រកាសជាសាធារណៈឬមិនដែលដាក់ទណ្ឌកម្មចំពោះទង្វើដែលល្មើសនឹងបទប្បញ្ញត្តិស្តីពីការប្រយុទ្ធប្រឆាំងសារធាតុជំនួយកម្លាំង ប្រការនេះបានល្មើសដោយផ្ទាល់នូវ«បទប្បញ្ញត្តិស្តីពីការប្រយុទ្ធប្រឆាំងសារធាតុជំនួយកម្លាំងពិភពលោក»ផង ហើយក៏បានល្មើសនឹងបទប្បញ្ញត្តិនៃទីភ្នាក់ងារអាមេរិកប្រឆាំងដូប៉ា(USADA)ផងដែរ ។
ព្រមពេលជាមួយគ្នានេះ យោងតាមលទ្ធផលនៃការស្ទង់ប្រជាមតិតាមបណ្តាញអ៊ីនធឺណែតមួយលើកដែលរៀបចំដោយបណ្តាញទូរទស្សន៍សកលចិន(CGTN)នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩៥,០១ ភាគរយថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះអាមេរិកដែលបានប្រើកលល្បិចថោកទាបដើម្បីបង្រ្កាបគូប្រជែងដោយយកបញ្ហាកីឡាធ្វើជាលេសព្រមទាំងរិះគន់ថា ទង្វើនេះគឺជាការជាន់ឈ្លីលើកីឡាអូឡាំពិករបស់"អនុត្តរភាពបែបអាមេរិក" ។
ខណៈពេលដែលប្រទេសខ្លួនកើតមានបញ្ហាសារធាតុជំនួយកម្លាំងដ៏ធ្ងន់ធ្ងរ ប្រព័ន្ធសារព័ត៌មាននិងស្ថាប័នមួយចំនួនរបស់អាមេរិកបែរជាបានយក"បញ្ហាសារធាតុជំនួយកម្លាំង"ធ្វើជាលេសដើម្បីរករឿងទៅលើកីឡាករប្រទេសដទៃទៀតនិងរំខានដល់ស្ថានភាពប្រកួតរបស់ពួកគេផង ហើយក៏បានប្រើអំណាចដៃវែងមកជ្រៀតជ្រែកយ៉ាងកម្រោលនូវការងារប្រយុទ្ធប្រឆាំងសារធាតុជំនួយកម្លាំងរបស់ប្រទេសផ្សេងទៀត ។ ហេតុនេះហើយ កីឡាករហែលទឹកចិនក៏រងការរំខានយ៉ាងធ្ងន់ធ្ងរពីករណីនេះ ។ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃវិញ្ញសាហែលទឹកបណ្តាក់ចម្រុះ ៤*១០០ ម៉ែត្រផ្នែកបុរស ក្រុមកីឡាចិនដណ្តើមបានមេដាយមាសដែលបានបំបែកការផ្តាច់មុខអស់រយៈពេល ៤០ ឆ្នាំរបស់ក្រុមកីឡាអាមេរិកក្នុងការប្រកួតវិញ្ញាសានេះ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃវិញ្ញសាហែលទឹកបែបសេរី ៤*១០០ ម៉ែត្រផ្នែកបុរស កីឡាករចិនឈ្មោះ Pan Zhanle ដណ្តើមបានមេដាយមាសដោយមានប្រៀបខ្លាំង ប៉ុន្តែគាត់បានរងការចោទជាមន្ទិលសង្ស័យអំពីបញ្ហាសារធាតុជំនួយកម្លាំងម្តងទៀតពីប្រព័ន្ធសារព័ត៌មានលោកខាងលិច ។ ដូច្នេះ គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិបានបញ្ជាក់យ៉ាងជាក់លាក់ថា ក្រុមកីឡាហែលទឹកចិន"បានឆ្លងកាត់នូវការធ្វើតេស្តដោយគ្រប់ជ្រុងជ្រោយ "។
នាពេលថ្មីៗកន្លងទៅនេះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយអត្ថបទមួយដោយបានលើកឡើងថា អាមេរិកបានអនុញ្ញាតឱ្យកីឡាករប្រទេសខ្លួនដែលបានប្រើប្រាស់សារធាតុជំនួយកម្លាំងធ្វើជាអ្វីដែលហៅថា "អ្នកផ្តល់តម្រុយសម្ងាត់"ដើម្បីផ្តល់ព័ត៌មានអំពីកីឡាករដែលបានប្រើប្រាស់សារធាតុជំនួយកម្លាំងផ្សេងទៀតនិងលើកលែងការផាកពិន័យចំពោះពួកគេ ។ អ្វីដែលហៅថា "អ្នកផ្តល់តម្រុយសម្ងាត់"ទាំងនេះអាចចូលរួមការប្រកួតជាមួយកីឡាករផ្សេងទៀត ។
នៅថ្ងៃដដែល អង្គការប្រឆាំងដូប៉ាពិភពលោក(WADA)បានចេញផ្សាយសេចក្តីថ្លែងការណ៍ដើម្បីឆ្លើយតបនឹងអត្ថបទរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ។ សេចក្តីថ្លែងការណ៍នេះបានលើកឡើងថា អង្គការនេះបានទទួលដំណឹងថា ចាប់តាំងពីឆ្នាំ ២០១១ មក ក្នុងករណីយ៉ាងហោចណាស់ចំនួន ៣ លើក ទីភ្នាក់ងារអាមេរិកប្រឆាំងដូប៉ា(USADA)បានលើកលែងការចោទប្រកាន់និងផាកពិន័យចំពោះកីឡាករដែលបានប្រើប្រាស់ថ្នាំស្តេរ៉ូអ៊ីតនិង EPO ព្រមទាំងអនុញ្ញាតឱ្យពួកគេចូលរួមការប្រកួតជាបន្តទៀតរហូតដល់ការចូលនិវត្តន៍ ។
អាកប្បកិរិយានិងសំឡេងអំពាវនាវទាំងនេះបានបញ្ជាក់ពីបញ្ហាដ៏ធ្ងន់ធ្ងរដែលបាននិងកំពុងកើតឡើងក្នុងការប្រកួតកីឡាអាមេរិក ពោលគឺ ពួកគេបានប្រើប្រាស់សារធាតុជំនួយកម្លាំងដោយទ្រង់ទ្រាយធំ មានការរៀបចំចាត់ចែងនិងមានលក្ខណៈជាប្រព័ន្ធ ហើយក៏ធ្វើឱ្យសហគមន៍អន្តរជាតិបានមើលឃើញយ៉ាងច្បាស់ថា ដើម្បីរក្សាអ្វីដែលហៅថា "តំណែងមុខ"របស់ខ្លួន អាមេរិកបានប្រព្រឹត្តិទង្វើចោរស្រែកចាប់ចោរនិងប្រើប្រាស់ឧបាយកលគ្រប់បែបយ៉ាង ។
តើបញ្ហាប្រើសារធាតុជំនួយកម្លាំងក្នុងចំណោមកីឡាករអាមេរិកមានសភាពធ្ងន់ធ្ងរដល់កម្រិតយ៉ាងណា ? ខណៈពេលសហរដ្ឋអាមេរិកបានវាយប្រហារកីឡាករប្រទេសដទៃទៀតដោយយក"សារធាតុជំនួយកម្លាំង"ធ្វើជាលេស ទង្វើប្រើ"ស្តង់ដារពីរ"របស់ខ្លួនក៏ត្រូវបានបែកធ្លាយដែរ ។ កាលពីខែមីនា ឆ្នាំ ២០២៤ លោក Erriyon Knighton អត្តពលិករបស់អាមេរិកត្រូវបានរកឃើញលទ្ធផលវិជ្ជមានក្នុងការធ្វើតេស្តថ្នាំស្តេរ៉ូអ៊ីត ប៉ុន្តែទីភ្នាក់ងារអាមេរិកប្រឆាំងដូប៉ា(USADA)បានដោះសាថា នេះគឺដោយមកពីកីឡាករបានទទួលទានសាច់ដែលត្រូវបំពុល ដូច្នេះ ក៏បានសម្រេចចិត្តថា មិនបានដាក់ពិន័យហាមមិនឱ្យចូលរួមការប្រកួតចំពោះគាត់ទេ ហើយបានអនុញ្ញាតឱ្យគាត់ចូលរួមការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស ។
លើសពីនេះទៅទៀត លោក Carl Lewis ម្ចាស់មេដាយមាសនៃការប្រកួតកីឡាអូឡាំពិកចំនួន ៩ គ្រឿង របស់អាមេរិកធ្លាប់បានទទួលសារភាពថា ទោះបីជាគាត់ត្រូវបានរកឃើញលទ្ធផលវិជ្ជមានក្នុងការធ្វើតេស្តចំនួន ៣ លើកមុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងសេអ៊ូលឆ្នាំ ១៩៨៨ ក៏ដោយ ក៏ប៉ុន្តែគាត់ត្រូវបានលើកលែងការចោទប្រកាន់និងផាកពិន័យនៅទីបំផុត ។ លោក Justin Gatlin ជើងឯកកីឡារត់ចម្ងាយ ១០០ ម៉ែត្រនៃព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងអាថែនត្រូវបានរកឃើញលទ្ធផលវិជ្ជមានក្នុងការធ្វើតេស្តចំនួនពីរលើក ដោយអនុលោមតាមច្បាប់កំណត់ពាក់ព័ន្ធ គាត់ត្រូវរងពិន័យហាមមិនឱ្យចូលរួមការប្រកួតអស់មួយជីវិត ។ យ៉ាងណាមិញ ទីភ្នាក់ងារអាមេរិកប្រឆាំងដូប៉ា(USADA)បានព្យាយាមដោះសាពីទំនួលខុសត្រូវរបស់គាត់ ចុងបំផុតបានកាត់បន្ថយរយៈពេលហាមមិនឱ្យចូលរួមការប្រកួតមកនៅត្រឹមតែ ៤ ឆ្នាំ ។ ព្រមពេលជាមួយគ្នានេះ ក្រុមហ៊ុនវិទ្យុផ្សាយសម្លេងនៃប្រទេសកាណាដាធ្លាប់បានទម្លាយកាលពីមុនឱ្យដឹងថា ក៏មានកីឡាករអាមេរិកជាច្រើនបានដាក់ពាក្យស្នើសុំសិទ្ធិប្រើប្រាស់ថ្នាំសម្រាប់ព្យាបាលជំងឺ"ដើម្បីធ្វើឱ្យពួកគេអាចប្រើប្រាស់ឱសថហាមឃាត់ដោយស្របច្បាប់ ។
អ្នកផងទាំងពួងចង់សួរថា បើសិនជាកីឡាករប្រទេសផ្សេងទៀតដឹងថា ពួកគេបានចូលរួមការប្រកួតជាមួយបុគ្គលដែលប្រើប្រាស់សារធាតុជនួយកម្លាំងក្រោមការអនុញ្ញាតពីទីភ្នាក់ងារអាមេរិកប្រឆាំងដូប៉ា(USADA)នោះ ពួកគេនឹងមានអារម្មណ៍យ៉ាងណា ? ទង្វើបែបនេះមិនត្រឹមតែបានបំផ្លាញដល់ភាពយុត្តិធម៌នៃការប្រកួតកីឡាប៉ុណ្ណោះទេ ថែមទាំងក៏បានគំរាមកំហែងដល់សុវត្ថិភាពរបស់កីឡាករពាក់ព័ន្ធផងដែរ ។ ទង្វើដែលប្រើស្តង់ដារពីរបែបនេះបានធ្វើឱ្យសហគមន៍អន្តរជាតិមិនពេញចិត្តជាទូទៅ ។
ការប្រកួតកីឡាអូឡាំពិកលើកក្រោយនឹងរៀបចំធ្វើនៅទីក្រុង los Angeles សហរដ្ឋអាមេរិក ដើម្បីឱ្យពិភពលោកមានជំនឿចិត្តឡើងវិញចំពោះកីឡាអាមេរិក ភាគីអាមេរិកចាំបាច់ត្រូវបញ្ឈប់"ការប្រើអំណាចដៃវែង" ប្រកាន់ឥរិយាបថត្រឹមត្រូវចំពោះកំហុសរបស់ខ្លួន ហើយផ្តល់ការបកស្រាយអំពីរឿងប្រើប្រាស់សារធាតុជំនួយកម្លាំងដោយទ្រង់ទ្រាយធំដល់ពិភពលោកទាំងមូល ។
ក្នុងរឿងអាស្រូវអំពីការប្រើប្រាស់សារធាតុជំនួយកម្លាំងលើកនេះ មជ្ឈដ្ឋានកីឡាសកលកំពុងប្រឈមមុខនឹងសាកល្បងដ៏តឹងរ៉ឹង ប៉ុន្តែវាក៏បានបង្កប់នូវកាលានុវត្តភាពដ៏ធំធេងផងដែរ ។ ការធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធប្រយុទ្ធប្រឆាំងសារធាតុជំនួយកម្លាំងអន្តរជាតិនិងភាពយុត្តិធម៌នៃក្បួនច្បាប់កីឡាសកលនឹងជាគន្លឹះសម្រាប់ការអភិវឌ្ឍបុព្វហេតុកីឡានាពេលអនាគត ។ ក្នុងនាមជាអ្នកចូលរួមដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍបុព្វហេតុកីឡាសកល ប្រទេសចិននឹងបន្តជំរុញការងារប្រយុទ្ធប្រឆាំងសារធាតុជំនួយកម្លាំងដើម្បីគាំពារសមភាពនិងភាពយុត្តិធម៌លើវិស័យកីឡា ។
យើងរំពឹងថា នៅក្នុងពិភពកីឡានាពេលអនាគត ស្មារតីនៃការប្រកួតប្រជែងដោយយុត្តិធម៌នឹងត្រូវបង្ហាញយ៉ាងពេញលេញ ហើយបុព្វហេតុកីឡាសកលនឹងបើកទំព័រសករាជថ្មីនៃការអភិវឌ្ឍដែលមានភាពកាន់តែល្អបរិសុទ្ធនិងយុត្តិធម៌ ៕