នៅថ្ងៃទី១៣ខែសីហាអ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួរស្តីពីការដែលលោក Wang Yi សមាជិកការិយាល័យនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិននឹងទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ខែសីហា ព្រមនិងធ្វើដំណើរទៅប្រទេសថៃដើម្បីធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី៩នៃយន្តការសហប្រតិបត្តិការឡានឆាង-មេគង្គនិងអញ្ជើញចូលរួមកិច្ចជំនួបក្រៅផ្លូវការនៃរដ្ឋមន្រ្តីការបរទេសចិន ឡាវ មីយ៉ាន់ម៉ានិងថៃ ។
ដំណើរទស្សនកិច្ចរបស់លោក Wang Yi លើកនេះគឺធ្វើឡើងក្នុងគោលបំណងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកលើវិស័យនានារវាងចិននិងមីយ៉ាន់ម៉ា ពង្រឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ជំរុញឱ្យការកសាងសហគមន៍រួមវាសនាចិននិងមីយ៉ាន់ម៉ាមានភាពកាន់តែស៊ីជម្រៅនិងប្រាកដប្រជា។ ក្នុងនាមជាប្រទេសជិតខាងដ៏មេត្រីភាពរបស់មីយ៉ាន់ម៉ា ប្រទេសចិនប្រកាន់ខ្ជាប់នូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង គាំទ្រចាប់រហូតមកនូវការគាំពារស្ថិរភាព ការអភិវឌ្ឍ សេដ្ឋកិច្ចនិងការធានាជីវភាពរស់នៅរបស់ប្រជាជនមីយ៉ាន់ម៉ា ក៏ដូចជាផ្តល់ជំនួយដែលមានលក្ខណៈស្ថាបនាក្នុងករណីដែលបណ្តាភាគីមីយ៉ាន់ម៉ាដោះស្រាយការខ្វែងគំនិតដោយសមរម្យតាមរយៈការពិគ្រោះពិភាក្សាខាងនយោបាយក្រោមក្របខណ្ឌរដ្ឋធម្មនុញ្ញនិងច្បាប់៕