ក្រសួងការបរទេសកាតាបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ១០ ខែសីហា ដោយអំពាវនាវសហគមន៍អន្តរជាតិបើកការស៊ើបអង្កេតជាបន្ទាន់លើករណីដែលអ៊ីស្រាអែលទម្លាក់គ្រាប់បែកទៅលើសាលារៀនមួយក្នុងទីក្រុងហ្កាហ្សា ដែលបានបណ្តាលឱ្យមនុស្សជាង១០០ នាក់ស្លាប់បាត់បង់ជីវិត ហើយទាមទារឱ្យអង្គការសហប្រជាជាតិបញ្ជូនអ្នកស៊ើបអង្កេតឯករាជ្យទៅធ្វើការស៊ើបអង្កេត ។
សេចក្តីថ្លែងការណ៍បានថ្កោលទោសចំពោះអ៊ីស្រាអែលដែលបំពានទាំងចំហលើច្បាប់មនុស្សធម៌អន្តរជាតិនិងសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយអះអាងថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលជា "ការសម្លាប់រង្គាលដ៏ត្បួនឱ្យភ័យរន្ធត់" ។ សេចក្តីថ្លែងការណ៍បានអំពាវនាវឱ្យសហគមន៍អន្តរជាតិផ្តល់ការការពារដោយគ្រប់ជ្រុងជ្រោយសម្រាប់អ្នកបាត់បង់ទីជម្រក ដើម្បីចៀសវាងកុំឱ្យកងកម្លាំងអ៊ីស្រាអែលបណ្តេញពួកគេចេញពីតំបន់ហ្កាហ្សាដោយបង្ខំ ។
ការិយាល័យប្រព័ន្ធសារព័ត៌មាននៃចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (Hamas) បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ១០ ខែសីហាថា នៅព្រឹកថ្ងៃដដែលនោះ កងទ័ពអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើសាលារៀនមួយក្នុងតំបន់ហ្កាហ្សាដែលមានអ្នកបាត់បង់ទីជម្រកជាច្រើនស្នាក់នៅ បណ្តាលឱ្យមនុស្សជាង ១០០នាក់ស្លាប់បាត់បង់ជីវិតនិងរាប់សិបនាក់ទៀតរងរបួស ៕