ថ្ងៃទី៩ ខែសីហា ក្នុងសន្និសីទកាសែតប្រចាំនៃក្រសួងការបរទេសចិន មានអ្នកកាសែតសួរថា តើភាគីចិនវាយតម្លៃយ៉ាងណាចំពោះការដែលក្នុងអំឡុងពេលប្រកួតកីឡាអូឡាំពិកប៉ារីសមានទស្សនិកជនកាន់បដាពាក្យស្លោក "Go Taiwan" ហើយត្រូវបានក្រុមការងារដកចេញភ្លាមៗ?
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា នៅលើពិភពលោកមានប្រទេសចិនតែមួយ តៃវ៉ាន់ជាទឹកដីចិនដែលមិនអាចបំបែកបាន។ អំពីបញ្ហាដែល "តៃប៉ិប្រទេសចិន ( Chinese Taipei )" ចូលរួមការប្រកួតកីឡាអូឡាំពិក ការកំណត់ពាក់ព័ន្ធយ៉ាងច្បាស់នៃគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិដែលឈរលើគោលការណ៍ប្រទេសចិនតែមួយត្រូវបានមជ្ឈដ្ឋានកីឡាអន្តរជាតិគោរពតាមជាទូទៅ។ ធម្មនុញ្ញកីឡាអូឡាំពិកក៏បានកំណត់យ៉ាងជាក់លាក់និងជានិច្ចកាលចំពោះការធ្វើការផ្សព្វផ្សាយដែលមានលក្ខណៈនយោបាយនៅក្នុងកីឡដ្ឋានអូឡាំពិក។
លោកស្រីបានបន្តថា ខ្ញុំសូមសង្កត់ធ្ងន់ថា បេសកកម្មនៃកីឡាអូឡាំពិកគឺជំរុញសន្តិភាពនិងសាមគ្គីភាពនៃអន្តរជាតិ គួរផ្តោតលើការបង្ហាញសមត្ថភាពក្នុងការប្រកួតប្រជែងរបស់កីឡាករ។ ចិនសង្ឃឹមថាបណ្តាភាគីអាចគោរពតាមកំណត់នៃធម្មនុញ្ញកីឡាអូឡាំពិក គោរពនិងរក្សាភាពបរិសុទ្ធនៃកីឡា ប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះបុគ្គលណាប្រើប្រាស់កីឡាអូឡាំពិកមកបង្កើតការយល់ច្រឡំលើបញ្ហាតៃវ៉ាន់ និងរំខានដល់ដំណើរការនៃការប្រកួតកីឡាអូឡាំពិក៕