ថ្ងៃទី ៨ ខែសីហាឆ្នាំ ២០២៤ កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់លើកទី ១១ ស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានបើកធ្វើតាមប្រព័ន្ធវីដេអូក្រោមសហអធិបតីភាពរបស់លោក Sun Weidong មន្ត្រីជាន់ខ្ពស់ចិននៃប្រទេសសហប្រធាននៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គនិងជាអនុរដ្ឋមន្ត្រីការបរទេសចិន និងមន្ត្រីជាន់ខ្ពស់ថៃ និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់កម្ពុជា ឡាវ មីយ៉ាន់ម៉ានិងវៀតណាម។ ភាគី ៦ បានរំលឹកឡើងវិញនូវដំណើរការនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និងបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅអំពីទិសដៅសហប្រតិបត្តិការជំហានបន្ទាប់ និងការងារត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើក ទី ៩ ស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។
លោក Sun Weidong បានលើកឡើងថា ភាគីចិនមានឆន្ទៈធ្វើឱ្យស៊ីជម្រៅថែមទៀតនូវសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសតាមបណ្តោយទន្លេមេគង្គ ដើម្បីរួមគ្នាជំរុញការតភ្ជាប់ក្នុងតំបន់ និងការអភិវឌ្ឍបែបនវានុវត្តន៍និងបៃតង សហការគ្នាឆ្លើយតបនឹងបញ្ហាប្រឈមផ្នែកសន្តិសុខមិនមែនប្រពៃណី បង្កើតតំបន់គំរូភាពសម្រាប់ការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" តំបន់ឈានមុខសម្រាប់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល តំបន់ពិសោធន៍សម្រាប់គំនិតផ្តួចផ្តើមសន្តិសុខ សកល និងតំបន់ល្អឥតខ្ចោះដំបូងបង្អស់សម្រាប់គំនិតផ្តួចផ្តើមអរិយធម៌សកល ក្នុងន័យពន្លឿនការកសាងសហគមន៍រួមវាសនារបស់ប្រទេសតាមបណ្តោយទន្លេឡានឆាង-មេគង្គ។
បណ្តាភាគីនានាបានសម្តែងការអបអរសាទរចំពោះការបើកធ្វើដោយជោគជ័យនៃសម័យប្រជុំលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ និងបានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍរីក ចម្រើនពេញលេញក្នុងរយៈពេល ៨ ឆ្នាំកន្លងមកចាប់តាំងពីដំណើរការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ព្រមនិងថ្លែងអំណរគុណចំពោះមូលនិធិពិសេសសម្រាប់កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គដែលបានផ្តល់ការគាំទ្រដ៏សំខាន់ចំពោះប្រទេសនានា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន។ ពួកគេបានឯកភាពថា មានឆន្ទៈបង្កើនទំនុកចិត្តគ្នាខាងនយោបាយ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការប្រាកដប្រជា រួមគ្នាអនុវត្តជាក់ស្តែងនូវផែនការ ៥ ឆ្នាំទី ២ ដើម្បីផ្តល់សុភមង្គលនិង ផលប្រយជន៍ដល់ប្រជាជនតាមបណ្តោយទន្លេឡានឆាង-មេគង្គ៕