នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិនកាលពីថ្ងៃទី ២ ខែសីហា មានអ្នកសារព័ត៌មានបានសួរថា ថ្មីៗនេះ អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសទៅលើតំបន់ជាយក្រុងស្ថិតនៅភាគខាងត្បូងនៃក្រុងបេរូត រដ្ឋធានីនៃប្រទេសលីបង់ ។ តាមទិន្នន័យថ្មីបំផុតបង្ហាញឱ្យដឹងថា ចំនួនមនុស្សស្លាប់បាត់បង់ជីវិតក្នុងការវាយប្រហារនេះបានកើនឡើងដល់ ៧ នាក់ ហើយចំនួនអ្នករងរបួសបានលើសពី ៨០នាក់ ។ យើងកត់សម្គាល់ឃើញថា ប្រទេសមួយចំនួនដូចជាលីបង់ រុស្ស៊ី អ៊ីរ៉ង់និងស៊ីរីជាដើមបានថ្កោលទោសចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ។ តើភាគីចិនមានការអត្ថាធិប្បាយយ៉ាងណាចំពោះករណីនេះ ? តើភាគីចិននឹងថ្កោលទោសចំពោះរឿងនេះឬទេ ?
លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិនថ្កោលទោសរាល់ទង្វើទាំងអស់ដែលបានធ្វើឱ្យខូចខាតដល់ជនស៊ីវិលនិងផ្តោតការយកចិត្តទុកដាក់យ៉ាងដិតដល់ចំពោះដំណើរវិវឌ្ឍន៍នៃរឿងនេះ ហើយបានអំពាវនាវឱ្យភាគីពាក់ព័ន្ធនានារក្សាភាពស្ងប់ស្ងាត់និងអត់ធ្មត់ដើម្បីចៀសវាងកុំធ្វើឱ្យស្ថានការណ៍មានភាពកាន់តែតានតឹងថែមទៀត ៕