ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖បើនិយាយចំពោះអូស្ត្រាលី ការអភិវឌ្ឍរបស់ចិនជាកាលានុវត្តភាព តែមិនមែនបញ្ហាប្រឈមនោះទេ
2024-08-03 11:09:29cri
Share with:

        ទាក់ទងអំពីរបាយការណ៍ពាក់ព័ន្ធរបស់គណៈកម្មាធិការឧស្សាហកម្មនិងពាណិជ្ជកម្មចិននៅអូស្រ្តាលីស្តីពី “ផលប្រយោជន៍ដែលការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិននាំមកដល់គ្រួសារអូស្ត្រាលី ”  លោក Li Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅថ្ងៃទី ២ ខែសីហាថា ការពិតជាក់ស្តែងនិងទិន្នន័យដែលបានចែងក្នុងរបាយការណ៍នេះ បានបង្ហាញឱ្យឃើញថា ការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន បាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់មហាជនអូស្រ្តាលី បានបង្ហាញពីធាតុពិតស្តីពីការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះរបស់ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអូស្ត្រាលី  ប្រការនេះបានបញ្ជាក់ជាថ្មីម្តងទៀតថា ការអភិវឌ្ឍរបស់ចិនជាកាលានុវត្តភាពសម្រាប់អូស្ត្រាលី តែមិនមែនបញ្ហាប្រឈមនោះទេ ។

      លោកបានលើកឡើងថា សេដ្ឋកិច្ចនៃប្រទេសទាំងពីរចិននិងអូស្ត្រាលី មានភាពបំពេញបន្ថែមគ្នាកម្រិតខ្ពស់ ជាដៃគូសហប្រតិបតិ្តការពីធម្មជាតិ ។ បច្ចុប្បន្ននេះ ប្រទេសចិនបាននិងកំពុងធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ដោយគ្រុងជ្រុងជ្រោយថែមមួយកម្រិតទៀត និងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនដែលនឹងនាំមកនូវកាលានុវត្តភាពកាន់តែច្រើនដល់កិច្ចសហប្រតិបតិ្តការរវាងចិននិងអូស្ត្រាលី ។

       សូមបញ្ជាក់ថា នាពេលថ្មីៗកន្លងទៅនេះ គណៈកម្មាធិការឧស្សាហកម្មនិងពាណិជ្ជកម្មចិននៅអូស្រ្តាលីACBCបានចេញផ្សាយរបាយការណ៍ស្តីពី “ផលប្រយោជន៍ដែលការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិននាំមកដល់គ្រួសារអូស្ត្រាលី” ។ របាយការណ៍នេះបានបង្ហាញថា ពីឆ្នាំសារពើពន្ធ២០២២ ដល់ឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន ធ្វើឱ្យគ្រួសារអូស្ត្រាលី គិតជាមធ្យមបានបន្ថែមចំណូលដែលអាចប្រើប្រាស់បានចំនួន២៦០០ដុល្លារអូស្រ្តាលី បង្កើតឱកាសការងារចំនួន៥៩៥៦០០នាក់ និងធ្វើឱ្យគ្រួសារអូស្ត្រាលីអាចសន្សំសំចៃសោហ៊ុយជីវភាពរស់នៅចំនួន៤,២ភាគរយ  ការនាំចូលពីប្រទេសចិនរបស់អូស្ត្រាលី មានអនុបាតកាន់តែខ្ពស់ក្នុងការនាំចូលសរុបរបស់អូស្ត្រាលី សោហ៊ុយជីវភាពរស់នៅក៏ត្រូវបានកាត់បន្ថយកាន់តែច្រើនឡើង ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស