ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីការបរទេសស្តីទីនៃប្រទេសអ៊ីរ៉ង់ថ្លែងថា អ៊ីរ៉ង់បេ្តជ្ញាចិត្ត​ធ្វើប្រតិបតិ្តការដ៏ចាំបាច់ទាំងអស់ដើម្បីគាំពារសន្តិសុខជាតិ
2024-08-02 10:22:34cri
Share with:

       យោងតាមព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានសាធារណរដ្ឋអ៊ីស្លាមនៃប្រទេសអ៊ីរ៉ង់ដែលចុះផ្សាយនាថ្ងៃទី១ ខែសីហា តាមម៉ោងក្នុងតំបន់ឱ្យដឹងថា នាពេលថ្មីៗកន្លងទៅនេះ លោក Bagheri រដ្ឋមន្ត្រីការបរទេសស្តីទីនៃប្រទេសអ៊ីរ៉ង់បានផ្ញើសារលិខិតជូនចំពោះអគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអគ្គលេខាធិការនៃអង្គការសហប្រតិបតិ្តការអ៊ីស្លាមដោយឡែកពីគ្នា ដើម្បីសម្តែងពីបេ្តជ្ញាចិត្តរបស់អ៊ីរ៉ង់ក្នុងការធ្វើប្រតិបតិ្តការដ៏ចាំបាច់ទាំងអស់ដើម្បីគាំពារសន្តិសុខជាតិ ។

      ថ្លែងក្នុងសារលិខិត លោក Bagheri បានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសចំពោះទង្វើរបស់អ៊ីស្រាអែល ដែលបានលួចធ្វើឃាតលោក Haniya ប្រធានការិយាល័យនយោបាយរបស់អង្គការចលនាតស៊ូអ៊ីស្លាមនៃប្រទេសប៉ាឡេស្ទីន ហៅកាត់អង្គការហាម៉ាស់ ។ លោកសម្គាល់ឃើញថា ទង្វើរបស់អ៊ីស្រាអែលបានល្មើសនឹងច្បាប់អន្តរជាតិនិង «ធម្មនុញ្ញអង្គការសហប្រជាជាតិ»   បានបំពានអធិបតេយ្យភាពនិងសន្តិសុខរបស់អ៊ីរ៉ង់ ដែលបានបង្កជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងសន្តិសុខក្នុងតំបន់និងអន្តរជាតិ ។

         នៅថ្ងៃដដែល ក្នុងពិធីគោរពវិញ្ញាណក្ខន្ធរបស់លោក Haniya ដែលរៀបចំឡើងនៅសកលវិទ្យាល័យតេហេរ៉ង់ លោក Qalibaf បានថ្លែងថា អ៊ីរ៉ង់មានទំនួលខុសត្រូវធ្វើការឆ្លើយតបនៅខណៈពេលនិងទីតាំងដ៏សមរម្យណាមួយ អ៊ីស្រាអែលនឹងត្រូវបង់តម្លៃដ៏ធ្ងន់ធ្ងរដោយសារឧក្រិដ្ឋកម្មរបស់ខ្លួននៅលើទឹកដីអ៊ីរ៉ង់ ៕

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស