ថ្ងៃទី ៣០ ខែកក្កដា តបតាមការអញ្ជើញរបស់រដ្ឋាភិបាលអ៊ីរ៉ង់ លោក Peng Qinghua បេសកជនពិសេសរបស់លោក Xi Jinping ប្រធានរដ្ឋចិន និងជាអនុប្រធាននៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានចូលរួមពិធីឡើងកាន់មុខតំណែងរបស់លោក Masoud Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់ នៅក្រុងតេហេរ៉ង់ រដ្ឋធានីប្រទេសអ៊ីរ៉ង់ ។ នៅថ្ងៃទី ៣១ ខែកក្កដា លោក Pezeshkian បានជួបពិភាក្សាជាមួយលោក Peng Qinghua នៅទីស្តីការប្រធានាធិបតី ។
ថ្លែងក្នុងកិច្ចជំនួប លោក Peng Qinghua បានពាំនាំការសួរសុខទុក្ខដ៏ស្និទ្ធស្នាលនិងការជូនពរដ៏ល្អបវររបស់លោក Xi Jinping ប្រធានរដ្ឋចិនជូនចំពោះលោក Pezeshkian ព្រមទាំងសម្តែងការអបអរសាទរចំពោះការចូលកាន់មុខតំណែងជាប្រធានាធិបតីអ៊ីរ៉ាង់អាណត្តិទី១៤ ។ លោក Peng Qinghua បានថ្លែងថា ជានិច្ចកាល ប្រទេសចិនបានចាត់ទុកទំនាក់ទំនងរវាងចិននិងអ៊ីរ៉ង់តាមមុំយុទ្ធសាស្ត្រនិងចក្ខុវែងឆ្ងាយ គាំទ្រអ៊ីរ៉ង់ការពារអធិបតេយ្យភាពជាតិ ឯករាជ្យភាពនិងបូរណភាពទឹកដី ។
ជាការឆ្លើយតប លោក Pezeshkian បានថ្លែងថា អ៊ីរ៉ង់នឹងគាំទ្រយ៉ាងមុតមាំដល់ប្រទេសចិនក្នុងការគាំពារផលប្រយោជន៍ស្នូលរបស់ខ្លួន ហើយចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបតិ្តការ “ខ្សែក្រវាត់និងផ្លូវ” និងគំនិតផ្តួចផ្តើមសកលទាំងបី ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងអ៊ីរ៉ង់និងចិនទទួលបានការរីកចម្រើនកាន់តែធំ ៕