ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ការដែលសហរដ្ឋអាមេរិកនិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការខាងការកំញើញដោយនុយក្លេអ៊ែរនឹងជំរុញឱ្យស្ថានការណ៍ក្នុងតំបន់មានភាពតានតឹង
2024-07-31 10:31:50cri
Share with:

ក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិនកាលពីថ្ងៃទី៣០ខែកក្កដា មានអ្នកសារព័ត៌មានសួរថា តាមការផ្សាយដំណឹងឱ្យដឹងថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិរវាងជប៉ុននិងសហរដ្ឋអាមេរិកបានបើកធ្វើនៅក្រុងតូក្យូកាលពីថ្ងៃទី២៨ខែកក្កដាព្រមទាំងចេញផ្សាយសេចក្តីថ្លែងការណ៍រួមដោយសម្តែងការព្រួយបារម្ភចំពោះការដែលប្រទេសចិនបានពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរយ៉ាងឆាប់រហ័សជាបន្តបន្ទាប់ ។ លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិកក៏បានគូសបញ្ជាក់ថា ការពង្រីកការកំញើញជាស្នូលនៃសម្ព័ន្ធមិត្តរវាងសហរដ្ឋអាមេរិកនិងជប៉ុន ។ តើភាគីចិនមានការអត្ថាធិប្បាយយ៉ាងណាចំពោះករណីនេះ?

លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ចិនបានអនុវត្តគោលនយោបាយដែលមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរជាអាទិភាព ប្រកាន់ខ្ជាប់យុទ្ធសាស្ត្រនុយក្លេអ៊ែរដែលការពារខ្លួន រក្សាកម្លាំងនុយក្លេអ៊ែររបស់ខ្លួនក្នុងកម្រិតទាបបំផុតដែលអាចបំពេញតម្រូវការផ្នែកសន្តិសុខជាតិជាប់រហូតមក ហើយមិនប្រកួតប្រជែងសព្វាវុធជាមួយអ្នកណានោះឡើយ ។ ការពង្រីកការកំញើញជាផលិតផលនៃសង្គ្រាមត្រជាក់ ដូច្នេះ ការដែលសហរដ្ឋអាមេរិកនិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការខាងការកំញើញដោយនុយក្លេអ៊ែរនឹងធ្វើឱ្យស្ថានការណ៍ក្នុងតំបន់មានភាពតានតឹង ក៏ដូចជាបង្កើនហានិភ័យនៃការរីកសាយភាយអាវុធនុយក្លេអ៊ែរនិងការប៉ះទង្គិចខាងនុយក្លេអ៊ែរ ។

លោក Lin Jian បានគូសបញ្ជាក់ថា ភាគីចិនដាស់តឿនសហរដ្ឋអាមេរិកនិងជប៉ុនឱ្យបោះបង់ចោលគំនិតសង្គ្រាមត្រជាក់ កាត់បន្ថយយ៉ាងប្រាកដប្រជានូវតួនាទីនៃអាវុធនុយក្លេអ៊ែរក្នុងគោលនយោបាយសន្តិសុខជាតិនិងសមូហភាព ជំរុញស្ថិរភាពនៃយុទ្ធសាស្ត្រនិងគាំពារសន្តិភាពនិងសន្តិសុខក្នុងតំបន់តាមរយៈការអនុវត្តជាក់ស្តែង ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស