អ្នកសារព័ត៌មានទទួលបានដំណឹងពីរដ្ឋបាលជាតិបេតិកភណ្ឌវប្បធម៌ចិនថា នៅថ្ងៃទី២៧ខែកក្កដា តាមម៉ោងក្នុងតំបន់ សន្និសីទបេតិកភណ្ឌពិភពលោកលើកទី ៤៦ របស់អង្គការយូណេស្កូ ដែលធ្វើឡើងនៅទីក្រុងញូវដេលីប្រទេសឥណ្ឌាបានអនុម័តសេចក្តីសម្រេចចិត្ត ដោយដាក់បញ្ជូល "អ័ក្សកណ្តាលនៃទីក្រុងប៉េកាំងដែលជាស្នាដៃដ៏ឆ្នើមនៃសណ្តាប់ធ្នាប់ទីក្រុងឧត្តមគតិរបស់ប្រទេសចិន"ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ រហូតមកដល់ពេលនេះ ចំនួនបេតិកភណ្ឌពិភពលោកសរុបក្នុងប្រទេសចិនមានចំនួន៥៩ហើយ។
"អ័ក្សកណ្តាលនៃទីក្រុងប៉េកាំង" ឆ្លងកាត់ពីភាគខាងជើងដល់ភាគខាងត្បូងនៃតំបន់ទីក្រុងចាស់របស់ក្រុងប៉េកាំង។ វាត្រូវបានសាងសង់ឡើងដំបូងក្នុងសតវត្សទី១៣ និងសាងសង់ចេញជារូបរាងឡើងនៅសតវត្សទី១៦។ ចាប់តាំងពីពេលនោះមក វាបានវិវត្តន៍ជាបន្តបន្ទាប់ បង្កើតជាអ័ក្សទីក្រុងដ៏វែងបំផុតនៅលើពិភពលោកដែលមានប្រវែងសរុប ៧,៨ គីឡូម៉ែត្រសព្វថ្ងៃនេះ។
"អ័ក្សកណ្តាលនៃទីក្រុងប៉េកាំង" បង្កើតឡើងដោយសំណងបុរាណសំខាន់ៗចំនួន ៥ រួមមាន៖ សំណង់រាជវាំងបុរាណ សំណង់ទីថ្វាយបូជារាជរង្សានុរង្សបុរាណ ហេដ្ឋារចនាសម្ព័ន្ធគ្រប់ គ្រងទីក្រុងសម័យបុរាណ អគារពិធីការជាតិ និងអគារសាធារណៈ និងផ្លូវកណ្តាល។ ទាំងនេះបានបង្ហាញពីទំនៀមទម្លាប់រៀបចំទីក្រុងបុរាណរបស់ចិន ជាសក្ខីភាពនៃការអភិវឌ្ឍ និងការវិវឌ្ឍទីក្រុងប៉េកាំង និងជានិមិត្តសញ្ញាដ៏សំខាន់ដែលឆ្លុះបញ្ចាំងពីលក្ខណៈលេចធ្លោនៃអរិយធម៌ចិន ។
អ័ក្សកណ្តាលទីក្រុងប៉េកាំងតភ្ជាប់កន្លែងប្រារព្ធពិធីការដ៏មហិមា និងដ៏ឧឡារិក ផ្លូវផ្សារដ៏មមាញឹក និងអ៊ូរអ ពីភាគខាងជើងទៅភាគខាងត្បូងមានសំណង់អគារបុរាណដែលដាក់ស្គរនិងជួង ស្ពានWanning ភ្នំJing Shan វាំងចាស់ ប្រាសាទTaimiao វិមានSheji ទ្វាDuan ទីលានTian’anmen ស្ពានJinshui ខាងក្រៅ ទីធ្លា Tian’anmen និងទីប្រជុំសំណងនៅជុំវិញ ទ្វាZhengyang វិមានTiantanនិងវិមានXiannongtanដែលបានស្ថិតនៅភាគខាងកើតនិងខាងលិចនៃអ័ក្សកណ្តាល ទីសំណល់ផ្លូវកំណាត់ខាងត្បូងនៃអ័ក្សកណ្តាល និងទ្វាYongding ៕