ថ្ងៃទី៣០ខែកក្កដា ក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសចិន មានអ្នកសារព័ត៌មានបានសួរថា៖ភាគីចិនបានផ្សាយដំណឹងថា នឹងបើកធ្វើកិច្ចប្រជុំកំពូលឆ្នាំ២០២៤នៃវេទិកាសហប្រតិបត្តិការចិន—អាហ្វ្រិកនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៦ខែកញ្ញាខាងមុខនេះ។ តើអ្នកនាំពាក្យអាចពន្យល់បន្ថែមអំពីការរៀបចំជាក់ស្តែងនៃកិច្ចប្រជុំកំពូលនេះទេ?
លោកLin Jianអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា កិច្ចប្រជុំកំពូលឆ្នាំនេះ គឺជាលើកទី៤ហើយ ដែលវេទិកាសហប្រតិបត្តិការចិន—អាហ្វ្រិកបានបើកធ្វើតាមទម្រង់កិច្ចប្រជុំកំពូល ភាគីទាំងពីរចិននិងអាហ្វ្រិក នឹងជួបសំណេះសំណាលអំពីមិត្តភាពរួមគ្នា ពិគ្រោះពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនិងអនាគតនៃការអភិវឌ្ឍ។ នេះគឺជាការជួបជុំគ្នាមួយលើកទៀតនៃមហាគ្រួសារមិត្តភាពចិន—អាហ្វ្រិកនៅទីក្រុងប៉េកាំងបន្ទាប់ពីកិច្ចប្រជុំកំពូលឆ្នាំ២០១៨នៃវេទិកាសហប្រតិបត្តិការចិន—អាហ្វ្រិក។
លោកLin Jianបានលើកឡើងថា យើងជឿជាក់ថា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមរបស់ភាគីទាំងពីរចិននិងអាហ្វ្រិក កិច្ចប្រជុំកំពូលឆ្នាំ២០២៤នៃវេទិកាសហប្រតិបត្តិការចិន—អាហ្វ្រិក មុខជានឹងទទួលបានជោគជ័យដោយគាប់ប្រសើរជាមិនខាន ហើយនឹងត្រួសត្រាយស្ថានការណ៍ថ្មីនៃការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាហ្វ្រិក ក៏ដូចជាចារទំព័រថ្មីនៃការកសាងសហគមន៍រួមវាសនារវាងចិននិងអាហ្វ្រិក៕