ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោកស្រី Giorgia Meloni នាយករដ្ឋមន្ត្រីអ៊ីតាលី
2024-07-30 14:53:24cri
Share with:

    នារសៀលថ្ងៃទី ២៩ ខែកក្កដា នៅសណ្ឋាគាររដ្ឋ Diao yutai ក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោកស្រី Giorgia Meloni នាយករដ្ឋមន្ត្រីអ៊ីតាលីដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន ។

    ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអ៊ីតាលីប្រកបដោយភាពរឹងមាំនិងស្ថិរភាព គឺសមស្របនឹងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ។ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយភាគីអ៊ីតាលីដើម្បីជំរុញការធ្វើឱ្យប្រសើរឡើងនិងលើកកម្ពស់កម្រិតកិច្ចសហប្រតិបត្តិការប្រពៃណីក្នុងវិស័យដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការផលិតខាងឧស្សាហកម្មនិងការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាជាដើម ហើយធ្វើការពិគ្រោះពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យងើបឡើងវិញថ្មីដូចជារថយន្តដើរដោយថាមពលអគ្គិសនីនិងបញ្ញាសិប្បនិមិ្មតជាដើម ។

    លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិនប្រកាន់ខ្ជាប់ជានិច្ចនូវការដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិភាព មិនដែលស្វែងរកអនុត្តរភាពទេ ហើយមានឆន្ទៈក្នុងការចែករំលែកឱកាសអភិវឌ្ឍន៍ជាមួយបណ្តាប្រទេសនានា ។ រំពឹងថា ភាគីអ៊ីតាលីនឹងដើរតួនាទីមានលក្ខណៈស្ថាបនាក្នុងការជំរុញការបង្កើនកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការរវាងចិននិងអឺរ៉ុប ក៏ដូចជាជំរុញឱ្យទំនាក់ទំនងចិន-អឺរ៉ុបរក្សាការអភិវឌ្ឍជាវិជ្ជមាននិងប្រកបដោយភាពរឹងមាំនិងស្ថិរភាព ។

    ជាការឆ្លើយតប លោកស្រី Giorgia Meloni បានថ្លែងថា ភាគីអ៊ីតាលីប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ រំពឹងទុកអាចបង្កើនកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ស្វែងរកសក្តានុពលនៃកិច្ចសហប្រតិបត្តិការកាន់តែច្រើននិងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ រថយន្តដើរដោយថាមពលអគ្គិសនីនិងបញ្ញាសិប្បនិមិ្មតជាដើម ។ ភាគីអ៊ីតាលីប្រឆាំងនឹង"ការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច"និងការគាំពារនិយម ហើយរីករាយដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងចិនឱ្យកាន់តែស៊ីជម្រៅនិងកាន់តែជាក់ស្តែង ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស